ក្រុមហ៊ុន Mahdi Holdings Investment មកពីប្រទេសម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនក្នុងស្រុក Globalcam លើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ព្រំដែនឡាវ។
លោក ថ្លាំង វុទ្ធី អគ្គនាយកក្រុមហ៊ុន Globalcam បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនគឺមានប្រវែង ៥២២គីឡូម៉ែត្រ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលទី១។
គម្រោងនេះ អាចនឹងធ្វើឡើងនៅបំណាច់ឆ្នាំនេះ ដោយចំណាយពេលសាងសង់ត្រឹមតែ ៥ឆ្នាំ ទៅតាមគោលការណ៍រាជរដ្ឋាភិបាលកម្ពុជា។
ភាគីម៉ាឡេស៊ី ក៏បានឲ្យដឹងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រំដែនឡាវនេះ ជាគម្រោងទី១ ក្នុងចំណោម ៦ ដែលការសិក្សាត្រូវបានបញ្ចប់ ហើយថវិកា ក៏ត្រៀមរួចរាល់ដែរ។
បន្ថែមពីលើនេះ ក្រុមហ៊ុនក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿនចេញពីភ្នំពេញ ទៅកាន់ព្រំដែនប្រទេសថៃ ផងដែរ។
គួរបញ្ជាក់ដែរថា យោងតាមប្លង់មេផ្លូវល្បឿនលឿន ត្រឹមឆ្នាំ ២០២០ កម្ពុជាត្រូវការផ្លូវល្បឿនលឿនប្រវែង ៨៥០គីឡូម៉ែត្រ ដែលគ្រោងចំណាយប្រមាណ ៩ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០៤០ ត្រូវការទឹកប្រាក់ ២៦ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវល្បឿនលឿនប្រវែង ២២៣០គីឡូម៉ែត្រ៕
មតិយោបល់