ស្ពានជ្រោយចង្វារចាស់ គ្រោងនឹងចំណាយប្រមាណ ៣០លានដុល្លារអាមេរិក និងបិទចរាចរណ៍ ២ឆ្នាំ ដើម្បីចាប់ផ្តើមជួសជុលឡើងវិញ នៅខែ មករា ឆ្នាំ ២០១៧ខាងមុខនេះ ប៉ុន្តែគម្រោងនេះ អាចនឹងត្រូវពន្យារពេលដល់ខែ មីនា ឬមេសា ឆ្នាំ ២០១៧។
មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការពន្យារពេលនេះ គឺដោយសារចាំបាច់ ត្រូវរង់ចាំការសម្រេចចិត្តពីនាយករដ្ឋមន្រ្តីជប៉ុន ដែលជាភាគីម្ចាស់ជំនួយជាមុនសិន។
យ៉ាងណាមិញ ចំពោះការបិទចរាចរណ៍ស្ពានចាស់ គឺត្រូវរៀបចំចរាចរណ៍នៅលើស្ពានជ្រោយចង្វារថ្មី ឲ្យប្រជាពលរដ្ឋអាចឆ្លងកាត់ទៅមកបាន ដែលទាមទារពេលវេលាសមរម្យមួយ មុននឹងអាចចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា ខាងមុខនេះ។
បច្ចុប្បន្ន ស្ពានជ្រោយចង្វារចាស់ មានសភាពចាស់ទ្រុឌទ្រោម ដែលទទួលរងនូវការខូចខាត ទាមទារឲ្យមានការជួសជុលឡើងវិញ ដោយតម្រូវឲ្យបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង ដើម្បីបង្កភាពងាយស្រួលដល់ការអនុវត្តគម្រោងជួសជុល។
គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារចាស់ មានប្រវែងប្រមាណ ៧០០ម៉ែត្រ និងមានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលឡើងវិញ តែដោយសារបញ្ហាកកស្ទះចរាចរណ៍ ទើបពន្យារពេលជួសជុលមកទល់ពេលនេះ៕

មតិយោបល់