កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញផ្សាយសៀវភៅមគ្គុទេសន៍ទីផ្សារសញ្ញាប័ណ្ណ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដំបូង សម្រាប់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។
ឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “សៀវភៅមគ្គុទេសន៍ស្តីពីទីផ្សារសញ្ញាប័ណ្ណសម្រាប់
អាស៊ាន+៣” សម្រាប់ប្រទេសនីមួយៗបង្ហាញព័ត៌មានលម្អិតអំពីបរិយាកាសនៃការវិនិយោគ វិធាន ច្បាប់ ឱកាស និងលក្ខណៈសំខាន់ៗនៃទីផ្សារសញ្ញាប័ណ្ណ របស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ទាំងពីរនេះ។
សៀវភៅមគ្គុទេសន៍នេះ គឺជាផ្នែកមួយនៃឯកសារបោះពុម្ពផ្សាយស្តីពីទីផ្សារសញ្ញាប័ណ្ណដែលប្រើរូបិយបណ្ណក្នុងស្រុកនៅអាស៊ី ក្នុងគោលបំណងជួយដល់អ្នកចេញសញ្ញាប័ណ្ណ អ្នកវិនិយោគ និងអន្តរការី ដែលមានគោលបំណងធ្វើធុរកិច្ចក្នុងទីផ្សារសញ្ញាប័ណ្ណ ឱ្យយល់ពីបរិបទតាមប្រទេសនីមួយៗ និងលើកទឹកចិត្តឱ្យមានការចូលរួមពីតួអង្គទាំងនេះក្នុងទីផ្សារសញ្ញាប័ណ្ណរបស់តំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយនេះ។
លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូរបស់ ADB មានប្រសាសន៍ថា ទីផ្សារសញ្ញាប័ណ្ណក្នុងស្រុកដែលមានភាពរឹងមាំ មានតួនាទីយ៉ាងសំខាន់ សម្រាប់ជម្រុញកំណើន និងការអភិវឌ្ឍរបស់ប្រទេស។
ទីផ្សារសញ្ញាប័ណ្ណក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងដំណាក់កាលទើបអភិវឌ្ឍនៅឡើយ ប៉ុន្តែទីផ្សារនៅក្នុងប្រទេសទាំងពីរនេះ កំពុងបន្តមានការវិវឌ្ឍបន្ថែមទៀត ដែលនឹងជួយគៀងគរហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋា-រចនាសម្ព័ន្ធ ដែលកំពុងមានតម្រូវការខ្លាំង និងជួយធ្វើឱ្យធុរកិច្ចនានា អាចមានភាពធន់ទ្រាំទៅនឹងវិបត្តិហិរញ្ញវត្ថុជា សកល។
បន្ទាប់ពីមានការដាក់ឱ្យអនុវត្តនូវក្របខ័ណ្ឌគតិយុត្តថ្មីមួយ កាលពីខែ សីហា ឆ្នាំ ២០១៧ ទីផ្សារសញ្ញាប័ណ្ណថ្មីនៅកម្ពុជា នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះ។
ទីផ្សារសញ្ញាប័ណ្ណនៅអាស៊ីបានពង្រីកខ្លួនយ៉ាងលឿន ក្នុងមួយរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយទីផ្សារសញ្ញាប័ណ្ណ នៅអាស៊ានបូកចិន និងសាធារណរដ្ឋកូរ៉េ បានកើនឡើងពី ២.៥ទ្រីលានដុល្លារក្នុងឆ្នាំ ២០០៥ ដល់ ១១.៦ ទ្រីលានដុល្លារ គិតត្រឹមចុងខែ កញ្ញា ឆ្នាំ ២០១៧។
ទីផ្សារសញ្ញាប័ណ្ណទាំងនេះ ផ្តល់នូវជម្រើសវិនិយោគដ៏ទាក់ទាញ សម្រាប់ស្ថាប័នវិនិយោគដែលជាប់បំណុលរយៈពេលវែង ដូចជា មូលនិធិសោធននិវត្តន៍ និងក្រុមហ៊ុនធានារ៉ាប់រង ជាដើម ដែលមានគោលបំណងទាញប្រយោជន៍ពីអត្រាប្តូរប្រាក់ទាប ដើម្បីពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។
សៀវភៅនេះ អាចដោនឡូតបាន ពីគេហទំព័រ adb.org។ សំណៅបោះពុម្ពអាចរកទិញបានតាមហាង ដែលលក់ឯកសារបោះពុម្ពផ្សាយរបស់ ADB ដូចមាននៅក្នុងបញ្ជីនេះ៕
មតិយោបល់