កាលពីម្សិលមិញនេះ ឯកឧត្តម អ៊ីឡយ ឡាអ៊ូរូ ប្រធានក្រុមប្រឹក្សាភិបាលកម្មវិធី EIF និងជាតំណាងបេសកកម្មអចិន្ត្រៃយ៍ប្រទេសបេនីន ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានទទួលស្គាល់ថា កម្ពុជា គឺជាប្រទេស (EIF) ដែលទទួលបានជោគជ័យខ្លាំងក្លា ក្នុងការប្រើប្រាស់របៀបវារៈពាណិជ្ជកម្ម ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដែលជាលទ្ធផលចាកចេញពីប្រទេសដែលមាន «ប្រាក់មានចំណូលទាប» ទៅជាប្រទេសដែលមាន «ប្រាក់ចំណូលមធ្យមកម្រិតទាប» ដោយជោគជ័យ។
ក្រុមប្រឹក្សា EIF មកកម្ពុជា នៅពេលនេះ ក្នុងគោលបំណងរៀនសូត្រអំពីភាគជ័យរបស់កម្ពុជា ដើម្បីចែករំលែកជូនប្រទេសដែលជាសមាជិក EIF ផ្សេងៗលើពិភពលោក។
ឯកឧត្តម អ៊ីឡយ បានបន្តទៀតថា ក្រុមប្រឹក្សា EIF ក៏នឹងធ្វើការពិភាក្សាស្វែងរកវិធីសាស្ត្រនានា ដើម្បីជួយគាំទ្រប្រទេសអភិវឌ្ឍន៍តិចតួចបំផុត LDCs នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃអង្គការ WTO លើកទី១១ ដែលនឹងរៀបចំឡើង នៅក្នុងទីក្រុងប៊ូអ៊ីណូហ្សារ៉េស ប្រទេសអាហ្សង់ទីន ដើម្បីធ្វើសមាហរណកម្មចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល និងទាញយកអត្ថប្រយោជន៍អតិបរិមា ពីប្រព័ន្ធអនុគ្រោះពន្ធ និងការចូលទីផ្សារថ្មីៗ សំដៅកាត់បន្ថយភាពក្រីក្រ និងសម្រេចគោលដៅសហសវត្សប្រកបដោយចីរភាព។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) លើកទី ២៥ កាលពីម្សិលមិញនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង, តំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗ និងតំណាងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដែលជាសមាជិកកម្មវិធី EIF ប្រមាណជាង ២០០នាក់ ហើយត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីឧត្តមានុវត្តន៍ (Best Practice) និងភាពជោគជ័យលើការអនុវត្តកម្មវិធី EIF នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសារៈសំខាន់នៃកម្មវិធី EIF ដែលបានជួយប្រទេសកម្ពុជា ក្នុងការអនុវត្តរបៀបវារៈពាណិជ្ជកម្មសំខាន់ៗ ដូចជាការកសាង និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រវិភាគសមាហរណកម្មពាណិជ្ជកម្ម (DTIS) និងការតាមដានលទ្ធផលអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)។
លោកបានបន្តថា កម្មវិធី EIF ដែលអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា មានទឹកប្រាក់ឥតសំណងសរុប ៧.៥៥លានដុល្លារ ហើយបានធ្វើការលើគម្រោងធំៗរួមមាន ការអភិវឌ្ឍផលិតផល និងសេវាកម្ម, ការសម្របសម្រួល និងជំរុញនាំចេញ, និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ, សុវត្ថិភាពម្ហូបអាហារ និងភូតគាមអនាម័យ។
គួរជម្រាបថា តាមរយៈជំនួយនេះ កម្ពុជាអាចបន្តដើរតួជាប្រទេសជោគជ័យមួយ សម្រាប់កម្មវិធី EIF នៅលើពិភពលោក ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមប្រឹក្សា EIF បន្តជួយប្រទេសកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ទាំងឡាយ ដើម្បីធានានិរន្តភាពលទ្ធផលក្នុងរយៈពេលយូរអង្វែង៕
មតិយោបល់