កប៉ាល់សាធារណៈ ដែលនឹងរត់ចាប់ពីម៉ោង ៦ព្រឹក ដល់ ៨យប់ មានស្ថានីយ៍អ្នកដំណើរចំនួន ៩កន្លែង រួមមាន ស្ថានីយ៍ស្ពានព្រែកព្នៅ ស្ថានីយ៍ឫស្សីកែវគ.ម.៧ ស្ថានីយ៍ឫស្សីកែវគ.ម.៣ ស្ថានីយ៍វត្តភ្នំ ស្ថានីយ៍អូតែលសុខា ស្ថានីយ៍អរិយក្សត្រ ស្ថានីយ៍កោះនរា ស្ថានីយ៍ស្ពានព្រះមុនីវង្ស ស្ថានីយ៍ចាក់អង្រែក្រោម និងស្ថានីយ៍ក្រុងតាខ្មៅ។
កប៉ាល់សាធារណៈល្បឿនលឿនចំនួន ២០គ្រឿង អាចផ្ទុកមនុស្សបានប្រមាណ ១០០នាក់ នឹងរត់ក្នុងល្បឿន ៣០ ទៅ ៤០គីឡូម៉ែត្រ/ម៉ោង។
បើគិតជារយៈចម្ងាយគឺប្រមាណ ២៥គីឡូម៉ែត្រ (ទៅមក ៥០គីឡូម៉ែត្រ) ដោយមានចំណតអ្នកដំណើរចំនួន ៩កន្លែង ដោយមានរយៈពេលឈប់ចត ៥នាទី។
ការសាងសង់ គ្រោងនឹងចំណាយពេល ១៤ខែ ដោយផែនការគ្រោងប្រតិបត្តិការ នៅខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ។
ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មិនមែនត្រឹមតែដឹកអ្នកដំណើរនោះទេ គឺដឹកកសិផលទាំងអស់មកពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង -ល- មកកំពង់ផែភ្នំពេញ ដើម្បីឡើងកប៉ាល់ធំៗដឹកទៅបរទេស។
គួរជម្រាបដែរថា ការប្រើប្រាស់កាណូតសាធារណៈ នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ៕
មតិយោបល់