ព័ត៌មានសេដ្ឋកិច្ច

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងកម្សាន្តតាមរថភ្លើង ឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ

ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី និងសម្តេចម៉ែ បាននិងកំពុងយាងធ្វើដំណើរកម្សាន្ត តាមរថភ្លើងទៅកាន់ខេត្តព្រះសីហនុ នាឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៧ ខាងមុខនេះ និងយាងត្រលប់មកវិញ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ការយាងធ្វើដំណើររបស់ព្រះអង្គ គឺដើម្បីបានទតទីតាំងភូមិសាស្រ្ត និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលជាស្នាព្រះហស្ថរបស់ អតីតព្រះបិតាជាតិ បានកសាងឡើងនៅសម័យសង្គមរាស្រ្តនិយម។

សាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំកាលពីពេលថ្មីៗនេះ ពិភាក្សាអំពី ផែនការការងារផ្សេងៗ ដូចជា ដែនការពារសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យជាដើម និងផែនការរៀបចំទទួលស្វាគមន៍ ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិផងដែរ។

លោក ស៊ុន ចាន់ថុលបានបន្តថា ព្រះមហាក្សត្រ នឹងធ្វើដំណើរអមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយាងទតមើល ផ្លូវរថភ្លើង ដែលជាស្នាដៃបន្សល់ទុកពីដូនតា។

គួរជម្រាបផងដែរ សេវាដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ នឹងរត់ក្នុងចម្ងាយ ២៦៦គីឡូម៉ែត្រ នឹងចំណាយពេលប្រហែល ៨ម៉ោង ហើយបច្ចុប្បន្នកំពុងត្រូវបានជម្រុញកាត់បន្ថយរយ:ពេលធ្វើដំណើរមកត្រឹម ៥ម៉ោងវិញ៕

មតិយោបល់