ព័ត៌មានសេដ្ឋកិច្ច

ចិន គ្រោងសាងសង់សណ្ឋាគារឲ្យបាន ១០០ នៅកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ

ក្រុមហ៊ុនចិន Shenzhen Win-Win Decoration & Designing បានបង្ហាញពី បំណងចង់សាងសង់សណ្ឋាគារតម្លៃសមរម្យឲ្យបានចំនួន ១០០ នៅកម្ពុជា ក្នុងរយៈពេលត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងទេសចរណ៍ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា ចិន សំលឹងឃើញតំបន់ឆ្នេរសមុទ្រកម្ពុជា ជាគោលដៅដ៏ល្អ សម្រាប់ទេសចរចិន ក្នុងអំឡុងរដូវត្រជាក់នៅចិន ដែលមានភ្ញៀវទេសចរជាង ២លាននាក់ នឹងធ្វើដំណើរចាកចេញពីភាគខាងជើង ប្រទេសចិន។

ក្នុងនោះដែរ តំបន់កោះ និងតំបន់ឆ្នេរ មានសក្តានុពលក្នុងការអភិវឌ្ឍន៍ ដើម្បីធ្វើជាផលិតផលទេសចរណ៍ផ្ទះទី ២ សម្រាប់ទាក់ទាញភ្ញៀវទេសចរចិន ឲ្យមកកម្សាន្ត។

ក្រុមហ៊ុនចិន Shenzhen ក៏បានបង្ហាញពីបំណងសាងសង់សណ្ឋាគារឲ្យបាន ១០០ នៅភ្នំពេញ និងតំបន់ឆ្នេរ ព្រមទាំងជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងភាសាចិនដោយឥតគិតថ្លៃ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៦ ទេសចរចិនធ្វើដំណើរទៅកាន់ពិភពលោកមានចំនួនជាង ១២៦លាននាក់ មកកាន់តំបន់អាស៊ាន ២០លាននាក់ ក្នុងនោះកម្ពុជា ៨សែននាក់៕

មតិយោបល់