ធនាគារអេស៊ីលីដា អាចនឹងត្រូវប្តូររូបសញ្ញា សត្វហង្សចេញ ដើម្បីចៀសវាងការច្រឡំថា ជាធនាគាររបស់រដ្ឋ។ នេះបើយោងតាមការឲ្យដឹងពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកនេះ។
លោកបន្តទៀតថា សព្វថ្ងៃនេះ នៅទីជនបទ កំពុងមានការភ័ន្តច្រឡំខ្លាំងណាស់ ដោយបានចាត់ទុកថា ធនាគារអេស៊ីលីដា ជាធនាគាររបស់រដ្ឋ ដោយរូបហង្ស មានលក្ខណៈស្រដៀងគ្នាទៅនឹង រូបហង្ស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចេញសេចក្តីប្រកាសព័ត៌មាន និងបញ្ជាក់យ៉ាងច្បាស់ថា ជាធនាគារឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋាភិបាលនោះទេ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាប្រជាធនាគារ ដែលមានការវិនិយោគពី ភាគហ៊ុនិកមកពី ប្រទេសជប៉ុន បារាំង ហូឡង់ និងភាគហ៊ុនិកក្នុងស្រុក។
គួរបញ្ជាក់ដែរថា ធនាគារនៃកម្ពុជា បានសម្រេចណែនាំឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ បន្ថែមនៅលើស្លាកយីហោរបស់ខ្លួន នូវពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ៕
មតិយោបល់