ក្រសួងសាធារណការ នឹងដឹកជញ្ជូនកំពុងតែសិក្សាពីលទ្ធភាព ក្នុងការប្រើប្រាស់កាណូតសាធារណៈ Public Water Bus ជាលើកដំបូងបង្អស់នៅកម្ពុជា ដែលអាចចាប់ផ្តើមរត់នៅឆ្នាំ ២០១៧ខាងមុខនេះ រវាងទីតាំង ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ។ នេះបើយោងតាមការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
បច្ចុប្បន្នគម្រោងនេះ កំពុងត្រូវបានសិក្សាដោយ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន ដែលមិនទាន់បង្ហាញពី ទុនវិនិយោគ និងមិនទាន់ដឹងថា ចូលរួមកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ បានប៉ុន្មានភាគរយនោះទេ។
យ៉ាងណាមិញ លោក ស៊ុន ចាន់ថុល បានបន្ថែមថា គម្រោងនេះ អាចនឹងមានបន្ថែម Mini Bus អាចដឹកជញ្ជូនអ្នកដំណើរដែលចុះពីទូក បន្តទៅកាន់កន្លែងរង់ចាំឡានក្រុងសាធារណៈជាបន្តទៀត។
ដោយសារប្រទេសកម្ពុជា សម្បូរផ្លូវទឹកខ្វាត់ខ្វែង ដូចជាទន្លេមេគង្គ ទន្លេសាប បាសាក់ សេសាន -ល- ដូច្នេះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ហើយការប្រើប្រាស់កាណូតសាធារណៈនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងកាត់បន្ថយចំណាយនានា ដែលបង្កដោយការកកស្ទះចរាចរណ៍។
ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មិនមែនត្រឹមតែដឹកអ្នកដំណើរនោះទេ គឺដឹកកសិផលទាំងអស់មកពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង -ល- មកកំពង់ផែភ្នំពេញ ដើម្បីឡើងកប៉ាល់ធំៗដឹកទៅបរទេស។
កាណូតសាធារណៈ ភាគច្រើនធ្វើដំណើរទៅតាមគន្លងស្រដៀងគ្នានឹងឡានក្រុងសាធារណៈដែរ គឺមានកន្លែងឈប់ច្រើន និងអាចមានចំនួនច្រើន អាស្រ័យទៅតាមតម្រូវការប្រើប្រាស់នៅតំបន់នោះ។
យ៉ាងណាមិញ ការប្រើប្រាស់កាណូតសាធារណៈ នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាពីលទ្ធភាពដាក់ឲ្យប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវទឹកនេះ និងសង្ឃឹមទទួលបានជោគជ័យ៕
មតិយោបល់