វិនិយោគិនជប៉ុន ជាវិនិយោគិនបរទេសដំបូង និងធំជាងគេ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិ។
ទុនវិនិយោគសរុបរបស់វិនិយោគិនជប៉ុន ក្នុងតំបន់សេដ្ឋពិសេសមានប្រមាណ ៣០០លានដុល្លារអាមេរិក ខណៈប្រទេសចិនមានជាង ២០០លានដុល្លារអាមេរិក។
វិនិយោគពីជប៉ុន មកកម្ពុជា មានការកើនឡើងខ្លាំង ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៦នេះ ដោយអាជីវកម្មខ្នាតតូចរបស់ជប៉ុននៅកម្ពុជា កើនឡើង ៩៩ភាគរយ ពី ៣២៦អាជីវកម្ម កាលពីឆ្នាំមុន មក ៦៥៥អាជីវកម្ម ត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៦ នេះ។
អាជីវកម្មខ្នាតធំ ក៏កើនឡើងប្រមាណ ២៦ភាគរយ ពី ២២៤អាជីវកម្ម ដល់ទៅ ២៨២អាជីវកម្ម ហើយកំណើននេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងទៀត ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជា អភិវឌ្ឍន៍បានល្អ។
កាលពីដើមខែ កញ្ញាកន្លងទៅនេះ ជប៉ុន ក៏បានដាក់ឲ្យដំណើរការជើងហោះហើរត្រង់ ដែលជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងពង្រីកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។
កាលពីឆ្នាំ ២០១៥ ជប៉ុន ជាវិនិយោគិនធំទី ៣ ដែលមានក្រុមហ៊ុនចំនួន ២៥០ រៀបចំដំណើរការនៅកម្ពុជា ហើយវិនិយោគទៅលើ ខុនដូ សណ្ឋាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលកម្សាន្តជាដើម។
គួរជម្រាបថា បច្ចុប្បន្ន គម្រោងតំបន់សេដ្ឋកិច្ចពិសេសមាន ៣៤គម្រោង ក្នុងប្រទេសកម្ពុជា ដែល ១១គម្រោងកំពុងដំណើរការ និង ២គម្រោងកំពុងសាងសង់៕
មតិយោបល់