ត្រឹម ៦ខែ ដើមឆ្នាំ ២០១៧នេះ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានចំនួន ១.៥៤ពាន់លានដុល្លារអាមេរិក កើនឡើង ១៤ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជាកំពុងខិតខំប្រឹងប្រែង បង្កើតច្បាប់ពាណិជ្ជកម្ម និងវិនិយោគនានា ដើម្បីគាំទ្រដល់ការបើកចំហរ និងការស្វាគមន៍ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលអាមេរិក។
ជាលទ្ធផល អាមេរិក នឹងផ្តល់ជំនួយបច្ចេកទេស ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ ព្រមទាំងផ្តល់ជំនួយបច្ចេកទេសទាក់ទងនឹងកម្មសិទ្ធិបញ្ញា កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផងដែរ។
ក្នុងឆ្នាំ ២០១៦កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ មានចំនួន ៣.២ពាន់លានដុល្លារអាមេរិក ថយចុះ ៧ភាគរយ បើធៀបនឹងឆ្នាំ ២០១៥។
សហរដ្ឋអាមេរិក ជាទីផ្សារធំបំផុតទី ២ របស់កម្ពុជា សម្រាប់ការនាំចេញសម្លៀកបំពាក់ ស្បែកជើង វាយនភ័ណ្ឌ អង្ករ គ្រឿងសង្ហារឹម សម្ភារៈក្មេងលេខ ជ័រ កៅស៊ូ ផលិតផលធញ្ញជាតិ សេរ៉ាមិច ឈើ និងសត្វរស់ ចំណីសត្វ។
រីឯការនាំចេញចម្បងរបស់អាមេរិក មកកាន់កម្ពុជាវិញ រួមមាន យានយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្រ្តនិងអគ្គិសនី វាយនភ័ណ្ឌ ក្រដាស ផ្លែឈើ និងធញ្ញជាតិជាដើម៕
មតិយោបល់