ក្រុមហ៊ុនកម្ពុជា-ម៉ាឡេស៊ី Camcashew បានចុះ MoU ជាមួយក្រុមហ៊ុន Naroo Marine Company មកពីកូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគ ១០០លានដុល្លារ ប្រមូលទិញគ្រាប់ស្វាយចន្ទី ១ម៉ឺនតោន ក្នុងមួយឆ្នាំ។
លោក Syaiful Hazreen នាយកក្រុមហ៊ុន Camcashew បានឲ្យដឹងថា ក្រុមហ៊ុនបម្រុងទុនប្រមាណ ១០០លានដុល្លារ ក្នុងនោះមានការប្រមូលទិញគ្រាប់ស្វាយចន្ទីមិនទាន់ច្នៃ ៤ម៉ឺនតោន ត្រូវចំណាយប្រមាណ ៨០លានដុល្លារ និងផ្នែកនៅសល់ ចំណាយលើម៉ាស៊ីនកែច្នៃ និងទិញដីទំហំ ៤០០ហិកតា សម្រាប់ដំាដុះស្វាយចន្ទីផ្ទាល់ខ្លួន។
លោកបន្ថែមថា ក្រុមហ៊ុន នឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទី ទៅកូរ៉េ នៅដើមឆ្នាំ ២០១៨ខាងមុខនេះ ខណៈសុពលភាពនៃកិច្ចព្រមព្រៀងនេះ មានរយៈពេល ១ឆ្នាំ។
បន្ថែមពីលើនេះ ក្រុមហ៊ុន គ្រោងចុះហត្ថលេខាជាមួយ សមាគមកសិករគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តជាច្រើនដូចជា ខេត្តកំពង់ធំ កំពង់ចាម ព្រះវិហារ ក្រចេះ រតនគិរី។
គួរជម្រាបថា តម្លៃគ្រាប់ស្វាយចន្ទី ត្រូវបានចែកចេញជា ២ប្រភេទ គឺប្រភេទស្រស់ និងស្ងួត ដែលប្រភេទស្ងួត មានតម្លៃថ្លៃជាង ហើយទីផ្សារក្រៅស្រុកដែលកម្ម៉ង់ទិញច្រើន មានដូចជា កូរ៉េខាងត្បូង ជប៉ុន អាល្លឺម៉ង់ និងកាណាដា៕
មតិយោបល់