ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានសម្ពោធប្រកាសផ្លូវហោះហើរអន្តរជាតិថ្មី ពីទីក្រុងដាណាង ទៅកាន់ទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) ជាមួយតម្លៃសំបុត្រត្រឹមតែ ២៨ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅលើ គេហទំព័រ Vietjetair ធ្វើឡើងកាលពីពេលថ្មីៗនេះ។
ផ្លូវហោះហើរពីទីក្រុងដាណាង-ទីក្រុងសេអ៊ូល នឹងធ្វើប្រតិបត្តិការជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៧ ជាមួយតម្លៃសំបុត្រត្រឹមតែ ២៨ដុល្លារអាមេរិក។ ជើងហោះហើរចេញពីទីក្រុងដាណាងគឺចាប់ផ្តើមហោះនៅម៉ោង ២៣:៤៥នាទី (ម៉ោងក្នុងស្រុក) និងមកដល់សេអ៊ូលនៅម៉ោង ៦ព្រឹក(ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រលប់មកវិញគឺចាកចេញពីសេអ៊ូលនៅម៉ោង ៧:០០ (ម៉ោងក្នុងស្រុក) និងមកដល់ដាណាងនៅម៉ោង ៩:៤០នាទី។
ជាមួយនឹងការសម្ពោធផ្លូវហោះហើរថ្មីពីទីក្រុងដាណាង និងប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Vietjet មិនត្រឹមតែផ្តល់ឱ្យប្រជាជនក្នុងស្រុក និងអន្តរជាតិមានឱកាសបានធ្វើដំណើរទេសចរណ៍តាមរយៈ ការហោះហើរប្រកបដោយសុវត្ថិភាព ទំនើប និងស៊ីវិល័យប៉ុណ្ណោះទេ ថែមទាំងជំរុញដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ទៀតផង។
ក្រុមហ៊ុន នឹងបើកការកក់សំបុត្រយន្តហោះ ក្នុងតម្លៃ ២៨ដុល្លារអាមេរិក ជូនដល់អតិថិជន ក្នុងចន្លោះម៉ោងពិសេសគឺចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល (ម៉ោងនៅវៀតណាម) ដោយលោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន www.vietjetair.com។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេបង្អស់ ក្នុងប្រទេសវៀតណាម ដែលបានប្រតិបត្តិការជាក្រុមហ៊ុនអាកាសចរណ៍ដ៏ថ្មីសន្លាង ជាមួយនឹងតម្លៃថោកសមរម្យ ព្រមទាំងសេវាកម្មដ៏ល្អ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃ Top 500 Brands ប្រចាំតំបន់អាស៊ីក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារសកលលោក Nielsen និងទទួលបានពានរង្វាន់ “Best Asian Low Cost Carrier” នៅក្នុងការប្រគល់រង្វាន់នៃកម្មវិធី TTG Travel Awards កាលពីឆ្នាំ ២០១៥ ដែលទទួលបានការបោះឆ្នោតគាំទ្រពីសំណាក់អតិថិជន ភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិការទេសចរណ៍ទូទាំងតំបន់អាស៊ី។
គួរជម្រាបដែរថា ក្រុមហ៊ុនអាកាសចរណ៍Vietjet មានយន្តហោះចំនួន ៤៥គ្រឿង រួមមានយន្តហោះម៉ូដែល A320s និង A321s ព្រមទាំងប្រតិបត្តិការហោះហើរចំនួន ៣៥០ជើងក្នុងមួយថ្ងៃ ហើយមកដល់សព្វថ្ងៃនេះក្រុមហ៊ុននេះបានដឹកជញ្ជូនអ្នកដំណើរចំនួន ៣៥លាននាក់៕
មតិយោបល់