ព័ត៌មានសេដ្ឋកិច្ច

ធនាគារស្រូវ គ្រោងវិនិយោគទុន ១០លានដុល្លារ សាងសង់ឃ្លាំងស្តុក ឡសម្ងួតស្រូវ នៅបាត់ដំបង

ធនាគារស្រូវ គ្រោងនឹងបោះទុនវិនិយោគជាង ១០លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវ នៅក្នុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាមលោក ភូ ពុយ អគ្គនាយកធនាគារស្រូវកម្ពុជា បានឲ្យដឹងនៅថ្ងៃនេះ។

គម្រោងនេះ ក៏មានការគាំទ្រពី ធនាគារឯកជន និងមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ព្រោះបើសិនជាមិនមានឡសម្ងួត និងឃ្លាំងស្តុកស្រូវគ្រប់គ្រាន់ទេ បញ្ហាប្រឈមក្នុងវិស័យនេះ មិនអាចដោះស្រាយបានឡើយ។

លោកបន្តថា ធនាគារស្រូវ គ្រោងរៀបចំសហគមន៍កសិករ តាមរយ:ការចុះកិច្ចសន្យាជាមួយកសិករ ដើម្បីធ្វើឲ្យផលិតផលកសិកម្មរបស់ពួកគេ មានតម្លៃប្រកបដោយស្ថិរភាព និងមានទីផ្សារ ជាពិសេសបញ្ចៀសបាននូវការក្រឡុកតម្លៃពីឈ្មួញកណ្តាល។

បច្ចុប្បន្ននៅកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវប្រមាណ ២៧០កន្លែង ដែលអាចកិនស្រូវយកអង្ករនាំចេញបាន ប្រកបដោយគុណភាពខ្ពស់។

គួរបញ្ជាក់ដែរថា កាលពីចុងឆ្នាំ ២០១៦កន្លងមកនេះ មានក្រុមហ៊ុនចិន ២ បានបង្ហាញពីគម្រោងវិនិយោគលើទឹកប្រាក់ ៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ ដើម្បីកិនជាអង្ករនាំចេញទៅកាន់ ប្រទេសចិនផងដែរ៕

មតិយោបល់