គម្រោងមជ្ឈមណ្ឌល Star City បញ្ចប់ការសាងសង់បាន ២អគារនៃគម្រោង ៧ អគារហើយ។ នេះបើយោងតាមការឲ្យដឹងតាមទូរស័ព្ទរបស់ លោក សុខ ប៊ុនងួន បុគ្គលិកផ្នែកលក់នៃគម្រោងនេះ។
Star City ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលគ្រោងនឹងសាងសង់ ៧អគារ និងមានកម្ពស់ ១២ជាន់ ក្នុងផ្ទៃក្រឡាប្រមាណជា ២ហិកតា ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនថៃប៊ុនរ៉ុង និងក្រុមហ៊ុនចិន។
ក្នុងនោះ រួមមាន ១អគារ ជាសណ្ឋាគារ ១អគារ សម្រាប់ការិយាល័យ និង ៥អគារទៀតសម្រាប់ លំនៅដ្ឋាន ហើយគម្រោងនេះរំពឹងនឹងទទួលបានជោគជ័យ ដោយស្ថិតក្នុងទីតាំងពាណិជ្ជកម្មចម្រុះពិសេសថ្មីមួយ ដែលមានអគារការិយាល័យ និងអគារស្នាក់នៅរួមគ្នា។
យ៉ាងណាមិញគម្រោងមួយនេះនៅមិនទាន់បានបង្ហាញពីចំនួនទឹកប្រាក់ពិតប្រាកដ នៅក្នុងការសាងសង់នៅឡើយនោះទេ ដោយក្រុមហ៊ុន និងដៃគូវិនិយោគត្រៀមនឹងចំណាយទុនរាប់រយលានដុល្លារអាមេរិក ដើម្បីសម្រេចគម្រោងមួយនេះ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៧ និងមានទីតាំងនៅជិតស្ពានអាកាសផ្សារ ដីហុយ៕
មតិយោបល់