រោងស្លដែក នៅតំបន់អង្គរ ត្រូវបានរកឃើញ ក្រោយពីការសិក្សាស្រាវជ្រាវអំពី អង្គរ អស់រយៈពេលជាង ១៥០ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។
រោងស្លដែកនេះ មានទំហំផ្ទៃដីធំរហូតដល់ទៅ ៤ហិកតា ស្ថិតនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រផ្នែកខាងជើងនៃប្រាសាទអង្គរវត្ត។
នៅក្នុងរយៈពេល ១៥០ឆ្នាំចុងក្រោយនេះ ក្រុមអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើន បានចុះធ្វើការស្រាវជ្រាវរកស្ថានីយលោហកម្មបុរាណ ដែលជាផលិតផលមួយដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ឲ្យរាជធានីអង្គរ។
ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវរកឃើញរោងស្លដែក ៤កន្លែង និងអាចមានរោងស្លដែក ជាច្រើនទៀតដែលមិនទាន់រកឃើញ ហើយរោងស្លដែកទាំងអស់ អាចផ្គត់ផ្គង់ជាសម្ភារៈប្រើប្រាស់ដូចជា កាំបិត ពូថៅ ជាពិសេសអាវុធសម្រាប់កងទ័ព។
គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា ក៏មានគម្រោងរៀបចំតំបន់ទីតាំងរោងស្លដែកនេះ ឲ្យទាក់ទាញភ្ញៀវទេសចរណ៍ ដើម្បីបង្ហាញពីភាពជាក់ស្តែងនៃភាពរុងរឿងនៅសម័យអង្គរ៕
មតិយោបល់