រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានអះអាងថា នៅឆ្នាំ ២០១៧ ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា បានកើនដល់៨៦ភាគរយ និងជម្រុញឲ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ ២០២៥ ដើម្បីជួយគាំពារសុខភាពអនាម័យដល់ ប្រជាពលរដ្ឋនៅជនបទ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និងសិប្បកម្ម បានបញ្ជាក់ថា ដើម្បីសម្រេចបាន គោលដៅនេះ រាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណរយៈពេលវែង និងជួយស្វែងរកប្រភពកម្ចីហិរញ្ញប្បទានពី ដៃគូអភិវឌ្ឍន៍ ដើម្បីផ្តល់ទៅឲ្យក្រុមហ៊ុនឯកជនចូលរួមវិនិយោគ និង ឧបត្ថម្ភធនដល់គ្រួសារក្រីក្រ ក្នុងការតភ្ជាប់បណ្តាញទឹកស្អាត។
លោកបន្តថា ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ធ្វើឡើងតាមរយៈស្ថានីយទឹកស្អាត ដែលគ្រប់គ្រងដោយរដ្ឋ ដែលធានាការផ្គត់ផ្គង់តែនៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជនធំៗប៉ុណ្ណោះ។
ចំណែកនៅតាមតំបន់ជាយក្រុង និងតំបន់ដាច់ស្រយាល គឺរដ្ឋផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគ ដោយតភ្ជាប់បណ្តាញបូមទឹកពី ប្រឡាយ ស្ទឹង បឹងបួរ ទៅកាន់ស្ថានីយចម្រោះ ហើយចែកចាយលក់ទៅដល់លំនៅឋាន របស់ ប្រជាពលរដ្ឋ។
នៅមុនឆ្នាំ ២០០៨ ក្រុមហ៊ុនឯកជនវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត មានតែ ៧៦ទីប្រជុំជន ប៉ុណ្ណោះ តែបច្ចុប្បន្ននេះ បានកើនដល់ ២២២ទីប្រជុំជន ហើយកំណើននេះ គឺ ដោយសារមានការចូលរួមពីវិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើ ការអនុវត្តគម្រោងក្រោមជំនួយឥណទាន ជំនួយកម្ចីហិរញ្ញប្បទានរបស់អង្គការ និងដៃគូអភិវឌ្ឍន៍នានា តាមរយៈ´អង្គការ JICA, អង្គការ UN-HABITAT, កម្មវិធីទឹកស្អាត និងអនាម័យនៃធនាគារពិភពលោក(WSP), អង្គការសុខភាពពិភពលោក (WHO), ធនាគារអភិវឌ្ឍន៍អាស៊ី(ADB), ធនាគារពិភពលោក(WB), ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) លើការងារពង្រីកប្រព័ន្ធផ្គត់ផ្គង់និងបណ្ដាញចែកចាយ និងការពង្រីកសមត្ថភាពផលិតទឹកស្អាត និងការបណ្តុះបណ្តាលកសាងសមត្ថភាព ដល់មន្ត្រីតាមបណ្តាអង្គភាពរដ្ឋាករទឹកសាធារណៈ និងឯកជនផងដែរ។
សូមបញ្ជាក់ថា សន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី២នេះ ធ្វើឡើងក្នុង គោលបំណងកៀរគរ និងផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុង វិស័យទឹកស្អាត ទាំងសាធារណៈ និងឯកជន ចូលរួមស្វែងរកវិធីសាស្ត្រ ដើម្បីបង្កើននូវការទទួលបាន សេវាទឹកស្អាតសម្រាប់ អ្នកប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ជាពិសេស កាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់ សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ទីប្រជុំជន ជាយក្រុង និងជនបទ។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាកម្ម និងសិប្បកម្ម បានឲ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធបណ្ដាញក្នុងតំបន់ទីប្រជុំជន បានកើនឡើងពី ៥២ភាគរយ នៅឆ្នាំ ២០០៨ ដល់ ៨៦ភាគរយ នៅត្រឹមឆ្នាំ ២០១៧ ដោយគិតជាចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ កើនដល់ជាង ២.៣លានគ្រួសារ៕
មតិយោបល់