ក្រុមហ៊ុនចិនចំនួន ២ គ្រោងនឹងបោះទុន ១០០លានដុល្លារអាមេរិក វិនិយោគលើរោងចក្រផលិតចំណីសត្វ និងកាប់សាច់ និងចង់ធ្វើការវិនិយោគលើដំណាំស្រូវក្នុងខេត្តតាកែវផងដែរ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់រដ្ឋបាលខេត្តតាកែវ ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក ហ្សាង តឺហាវ អភិបាលរងក្រុងស៊ាងយ៉ាង បានជួបពិភាក្សាការងារជាមួយ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ហើយភាគីចិន បានបញ្ជាក់ថា ក្រុមហ៊ុនចិនចំនួន ២ របស់ក្រុងស៊ាងយ៉ាង មានបំណងវិនិយោគក្នុងខេត្តតាកែវ។
ក្រៅពីចង់វិនិយោគលើរោងចក្រផលិតចំណីសត្វ ភាគីចិន មានបំណងនាំចេញអង្ករពីខេត្តតាកែវ ចំនួនចាប់ពី ៥ម៉ឺន ទៅ ១០ម៉ឺនតោនក្នុង១ឆ្នាំ នឹងចង់ធ្វើការវិនិយោគលើដំណាំស្រូវក្នុងខេត្តនេះផងដែរ។
ជាការឆ្លើយតប លោក ឡាយ វណ្ណៈ បានស្វាគមន៍ចំពោះភាគីចិន និងថ្លែងអំណរគុណចំពោះបំណងនេះ ដែលរំពឹងនឹងផ្តល់ការងារជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនចិនមួយចំនួនទៀត នឹងសិក្សាពីសក្តានុពលរបស់ខេត្ត ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ៥ថ្ងៃ ដើម្បីស្វែងរកឱកាស និងពិនិត្យលទ្ធភាពក្នុងការវិនិយោគ ព្រោះខេត្តតាកែវ ជាខេត្តដែលមានសក្តានុពលជាច្រើន ជាពិសេសលើផ្នែកកសិកម្ម៕



មតិយោបល់