អាជ្ញាធរច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចាប់ផ្តើមអនុវត្តន៍ការបញ្ឈប់យកកម្រៃ ១០០០រៀល ពីការលក់លិខិតអនុញ្ញាតិបណ្តោះអាសន្នចេញចូលផ្សាររុងក្លឿ ប្រទេសថៃ ពីពលរដ្ឋខ្មែរទូទៅ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ។
ការអនុវត្តនេះធ្វើឡើងភ្លាមៗចំពោះភាគីខ្មែរ ខណៈភាគីថៃ នៅមិនទាន់ចូលរួម ឬឯកភាពក្នុងការអនុវត្តលិខិតនេះបានភ្លាមៗទេ ព្រោះជាអធិបតេយ្យភាពរបស់គេ ប៉ុន្តែមន្រ្តីជំនាញរបស់កម្ពុជា កំពុងធ្វើការពិភាក្សាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហានេះ ឲ្យបានដំណើរការទៅដោយប្រសើរ។
ភាគីកម្ពុជា កំពុងចចារជាមួយភាគីថៃ ស្នើឲ្យបញ្ឈប់ការលក់សំបុត្រតម្លៃ ១០០០រៀល ឬ ១០បាតរបស់ថៃ ជារៀងរហូត ទុកតែអ៊ីកាត កាតកូតចេញ-ចូលសម្គាល់អត្តសញ្ញាណតែប៉ុណ្ណោះ ដែលនេះជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។
គួររម្លឹកដែរថា កាលពីខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការបើកច្រកព្រំដែនថ្មីចំនួន ៤ ដើម្បីបង្កភាពងាយស្រួលដល់ការចេញចូលរបស់ប្រជាជន និងជម្រុញលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែកើនឡើង៕

មតិយោបល់