ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីហ្វីលីពីន យល់ព្រមការចូលរួមចំណែក អាមេរិក ដើម្បីសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ហ្វីលីពីន: នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអះអាងបញ្ជាក់ពីកិច្ចព្រមព្រៀងរបស់ពួកគេ ស្ដីពីសារ:សំខាន់នៃការចូលរួមចំណែករបស់សហរដ្ឋអាមេរិក ដើម្បីសន្តិភាព និងភាពរុងរឿង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពេលដែលមិនទាន់មានភាពច្បាស់លាស់ អំពីគោលនយោបាយការបរទេសរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump។ នេះបើយោងតាមរយ: សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។

ជំនួបប្រជុំក្នុងថ្ងៃទី២ គឺនៅក្នុងទីក្រុង Davao ជាស្រុកកំណើតរបស់លោក Duterte ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន មេដឹកនាំទាំងពីរ បានលើកទ្បើងពីបញ្ហានៃការបង្កើនយោធារបស់ចិន ក្នុងសមុទ្រចិនខាងត្បូង ដោយបានបញ្ជាក់ពីគោលនយោបាយ ដើម្បីដោះស្រាយជម្លោះផ្អែកទៅតាមផ្លូវច្បាប់ផងដែរ។

ជុំវិញបញ្ហាជម្លោះដែនទឹក នៅសមុទ្រចិនខាងត្បូង ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង មិនមែនតែប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ដែលកំពុងមានជម្លោះពាក្យបណ្តឹងនោះ ប៉ុន្តែក៏នៅមានរដ្ឋាភិបាលបួនប្រទេសបួនទៀត ដោយក្នុងនោះរួមមានទាំងជប៉ុនផងដែរ។

លោក Duterte បានប្រាប់លោក Abel ថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាបញ្ហានេះ ដោយផ្ទាល់ជាមួយចិន ខណ:ដែលកាលពីពេលកន្លងទៅ លោកធ្លាប់បានស្នើជាមួយរដ្ឋាភិបាលក្រុងប៉េកាំងលើដែនទឹកជម្លោះនេះ ឲ្យទៅជាកន្លែងលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។

ក្នុងនោះដែរ លោក Abel ក៏បានលើកទ្បើងផងដែរថា រូបលោកសង្ឃឹមថា ហ្វីលីពីន-ចិន នឹងមានសកម្មភាពជាមូលដ្ឋានរួមមួយ លើសេចក្តីសម្រេចកាលពីខែកក្កដា ដោយសាលាក្តីដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅទីក្រុងឡាអេ ដែលបានសន្និដ្ឋានថា ការទាមទាររបស់ប្រទេសចិនទៅលើសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋានច្បាប់ ខណ:ដែលចិនមិនទទួលយកការសម្រេច ក្នុងរឿងក្តីនេះ៕

មតិយោបល់