ព័ត៌មានសេដ្ឋកិច្ច

មហាសេដ្ឋី ៨នាក់ មានទ្រព្យសម្បត្តិស្មើនឹង ជនក្រីក្រ ៣.៦ពាន់លាននាក់

គ្រាន់តែមហាសេដ្ឋី ៨នាក់ប៉ុណ្ណោះ មានទ្រព្យសម្បត្តិស្មើនឹង ប្រជាជនក្រីក្រ ៣.៦ពាន់នាក់ទូទាំងសកលលោក ដែលក្នុងនោះ ៦នាក់មកពីអាមេរិក ម្នាក់មកពីអេស្ប៉ាញ និងម្នាក់ទៀតមកពីម៉ិកស៊ិក។ នេះបើយោងតាមរបាយការណ៍របស់អង្គការ Oxfam ចេញផ្សាយកាលពីម្សិលមិញនេះ។

យោងតាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា គម្លាតរវាងអ្នកមាន និងអ្នកក្រ គឺកាន់តែធំទៅៗ ហើយទិន្នន័យសម្រាប់ប្រទេសចិន និងឥណ្ឌា បានបង្ហាញថា ប្រជាជនក្រីក្រពាក់កណ្តាលពិភពលោក កាន់តែក្រជាងមុនទៅទៀត។

បើតាមការប្រៀបធៀបកាលពីឆ្នាំ ២០១០ បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ៤៣រូប រួមបញ្ចូលគ្នា ទើបស្មើនឹង ទ្រព្យសម្បត្តិរបស់ប្រជាជនក្រីក្រ ពាក់កណ្តាលពិភពលោក។

ខណ:ដែលប្រជាជនក្រីក្រ ខំប្រឹងប្រែងធ្វើការដើម្បីរស់ ទ្រព្យរបស់អ្នកមាន កាន់តែកើនឡើងជាមធ្យម ១១ភាគរយក្នុង១ឆ្នាំ ហើយអង្គការ Oxfam បានពន្យល់ថា ទោះបីមហាសេដ្ឋីទាំងនោះ បរិច្ចាគដើម្បីជួយជនក្រីក្រ ក៏មិនអាចដោះស្រាយរឹសឬសគល់នៃបញ្ហាបានដែរ។

គួរបញ្ជាក់ដែរថា អង្គការ Oxfam ប្រើប្រាស់ទិន្នន័យពី ធនាគារ ស្វីស និងគេហទំព័រ Forbes ហើយមហាសេដ្ឋីទាំង ៨រូបនោះ រួមមាន Bill Gates, Carlos Slim, Jeff Bezos, Mark Zuckerberg, Larry Ellison, Amancio Ortega, Warren Buffett និង Michael Bloomberg៕

មតិយោបល់