ព័ត៌មានសេដ្ឋកិច្ច

ថៃ ទិញ Franchise ហាងនំប៉័ង Au Bon Pain ពីអាមេរិក គ្រោងបើកនៅកម្ពុជា

ក្រុមហ៊ុន Mudman របស់ប្រទេសថៃ បានទិញយក និងទទួលបានសិទ្ធិលក់ Franchise ហាងនំប៉័ងយីហោ Au Bon Pain ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក មកបើកដំណើរការនៅ ប្រទេសកម្ពុជា នាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីពេលថ្មីៗនេះ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Mudman ក៏គ្រោងនឹងបើកនៅក្នុងប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ាផងដែរ ក្នុងគោលដៅ ១០សាខា ក្នុងរយៈពេល ១០ឆ្នាំ។

ក្រុមហ៊ុន កំពុងស្ថិតក្នុងដំណាក់កាលពិចារណាថា តើគួរសហការជាមួយដៃគូក្នុងស្រុក (កម្ពុជា) ឬវិនិយោគដោយផ្ទាល់ ហើយគំរូអាជីវកម្មនឹងបញ្ចប់នៅចុងឆ្នាំនេះផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន នឹងចំណាយប្រមាណ ២០០លានបាត សម្រាប់ការពង្រីកអាជីវកម្មនៅក្នុងឆ្នាំនេះ ខណៈបច្ចុប្បន្ន មានជាង ៧០សាខា កំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃ។

គួរជម្រាបដែរថា ហាងនំប៉័ង Au Bon Pain ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ នៅក្នុងសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ន មានជាង ៣០០សាខា កំពុងដំណើរការទូទាំងសកលលោក ជាពិសេសប្រទេសឥណ្ឌា និងប្រទេសថៃ៕

មតិយោបល់