ព័ត៌មានជាតិ

បួងចង្កូតជ្រុលហោះធ្លាក់ជ្រោះ រងរបួសធ្ងន់ស្រាល៥នាក់ នៅស្រុកកូនមុំ

រតនគិរីៈ យ៉ាងហោចណាស់មានបុរសជនជាតិចិន៤នាក់ និងខ្មែរម្នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នៅត្រង់ចំណុចចុះចំណោតភ្នំកូនមុំ(ផ្លូវកែង) ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

បើតាមការឲ្យដឹងពីនគរបាលស្រុកកូនមុំបានឲ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តម៉ាក MITSUBISHI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-3410 ធ្វើដំណើរចេញពីក្រុងបានលុងក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅទីក្រុងភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៧៨ បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្ថានភាពផ្លូវកែងនឹងចុះចំណោតភ្នំផងនោះ ហើយបានវ៉ារថយន្តសាំយ៉ុងមួយគ្រឿងទៀត ស្របពេលកំពុងវ៉ា ស្រាប់តែមានរថយន្តធុនធំបើកមកបញ្ច្រសទិសគ្នាក៏វ៉ាក់អឺតៃកុងរថយន្តបានបួងចង្កូតជ្រុលបុកបង្គោលសញ្ញាដងផ្លូវហោះធ្លាក់ជ្រោះតែម្តង។

ប្រភពបន្តថា ជនរងគ្រោះទាំង៥នាក់រួមមាន៖ ទី១-ឈ្មោះ ពិសុទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរជាអ្មកបើកបរ (រងរបួសស្រាល)។ ទី២-ឈ្មោះ ហូរ ប៉ោឈុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន( រងរបួសធ្ងន់)។ ទី៣- ឈ្មោះ វ៉ា អ៊ី ភេទប្រុស អាយុ២៩ ឆ្មាំជនជាតិចិន (រងរបួសស្រាល)។ ទី៤- ឈ្មោះ ចាង ខៃអ៊ីង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន (រងរបួសធ្ងន់)។ ទី៥- ឈ្មោះ កាវ ធីលាងភេទប្រុសអាយុ៥០ ឆ្នាំជនជាតិចិន (រងរបួសធ្ងន់)។ អ្នកទាំង៥រស់នៅទីក្រុងភ្នំពេញ មានមុខរបរ វិនិយោគគិននៅប្រទេសកម្ពុជា។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទាំង៥នាក់តាមរថយន្តមណ្ឌលសុខភាពស្រុកកូនមុំមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។ ចំណែករថយន្តបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ រង់ចាំដោះស្រាយជាក្រោយ៕

មតិយោបល់