ព័ត៌មានសេដ្ឋកិច្ច

បង្គាស្រស់ខេត្តព្រះសីហនុ ត្រូវបានរកឃើញថា មានដាក់សារធាតុគីមី

បង្គាស្រស់ នៅផ្សារវាលរេញ ខេត្តព្រះសីហនុ ត្រូវបានកាំកុងត្រូលខេត្ត រកឃើញថា មានផ្ទុកសារធាតុគីមីហាមឃាត់។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញផ្សាយនៅថ្ងៃនេះ។

មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ បានសហការជាមួយសាខាកាំកុងត្រូលខេត្ត ដើម្បីពិនិត្យទំនិញខូច ឬអន់គុណភាព នៅស្រុកព្រៃនប់ ក្នុងនិងក្រៅផ្សារវាលរេញ នឹងបានរកឃើញថា មានឈ្មួញខិលខូចមួយចំនួន នៅតែបន្តដាក់សារធាតុគីមីក្នុងម្ហូបអាហារប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ។

ដោយសារមានឡានពិសោធន៍ចល័ត ការត្រួតពិនិត្យ មានភាពងាយស្រួលក្នុងការវិភាគទំនិញ និងម្ហូបអាហារបានយ៉ាងឆាប់រហ័ស ហើយបន្ទាប់ពីការរកឃើញសារធាតុគីមី បង្គាស្រស់ប្រមាណ ១៥គីឡូក្រាម ត្រូវបានដកហូតពីឈ្មួញ។

យ៉ាងណាមិញ ចំពោះបន្លែ ពុំមានសារធាតុគីមីធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់នោះទេ។

គួរបញ្ជាក់ថា កាំកុងត្រូល មិនមែនត្រឹមធ្វើនៅកន្លែងលក់ប៉ុណ្ណោះនោះទេ គឺស្វែងរកទាំងប្រភពដើមផលិត ព្រមទាំងត្រួតពិនិត្យទំនិញ និងផលិតផលនាំចូលជាប្រចាំ ដើម្បីរួមចំណែកលុបបំបាត់ទាំងស្រុង ចំពោះផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា៕

មតិយោបល់