ប្រធានសមាគមផលិតអំបិលកម្ពុជា បានលើកឡើងថា សមាគមកំពុងរៀបចំ ផែនការរួចហើយ ក្នុងការស្នើសុំគោលការណ៍ពី រាជរដ្ឋាភិបាល ក្នុងការនាំចូលអំបិលមកពីក្រៅប្រទេស ដើម្បីយកមកផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងបំពេញការខ្វះខាតអំបិល សម្រាប់បរិភោគរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
លោក ប៊ុន បារាំង ប្រធានសមាគមផលិតអំបិលកម្ពុជា បានឱ្យដឹងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះថា ការធ្វើផែនការស្នើសុំគោលការណ៍នាំចូលអំបិលពីរាជរដ្ឋាភិបាល នឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០១៨នេះ ហើយតម្រូវការអំបិលក្នុងប្រទេសកម្ពុជា សម្រាប់បរិភោគក្នុងមួយឆ្នាំៗ មានប្រមាណ១០០.០០០តោន។
លោកបានលើកឡើងថា បច្ចុប្បន្ននេះ ការផលិតអំបិល ក្នុងប្រទេសមិនមានផលអំបិលលក់ទេ ដោយសារអាកាសធាតុភ្លៀងខ្លាំងពេក។
សូមរម្លឹកថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ ការផលិតអំបិលក្នុងខេត្តកំពត និងខេត្តកែបដែលមានស្រែអំបិលផលិតអំបិលបានតែចំនួន ៣៣.០០០តោន ហើយកម្ពុជា នៅខ្វះអំបិលចំនួន ៦៧.០០០តោនទៀត។
ដោយឡែកក្នុងឆ្នាំ២០១៦ ការផលិតអំបិលគឺ បានលើសផែនការ ហើយផលិតផលអំបិលឆ្នាំ២០១៦ ក៏បានសល់ សម្រាប់យកមកផ្គត់ផ្គង់ នៅឆ្នាំ២០១៧កន្លង មកនេះផងដែរ។
ចំណែកឆ្នាំ២០១៨នេះ គឺកម្ពុជាមិនអាចផលិត អំបិលបានទេដោយសារ អាកាសធាតុមិនល្អ និងមានភ្លៀងធ្លាក់ច្រើនពេក។
ប្រធានសមាគមផលិតអំបិលកម្ពុជា បានបន្ដទៀតថា «ឥឡូវនេះយើងមិនទាន់ធ្វើការនាំចូល អំបិលពីប្រទេសណានៅឡើយទេ គឺយើងកំពុងតែសិក្សាអំពីអំបិល តើប្រទេសណាមានគុណភាពល្អជាងគេ អាចនាំចូលមកបាន ហើយមិនប៉ះពាល់សុខភាពប្រជាជនយើងបានទេ គឺយើង ធ្វើយ៉ាងណានាំចូលអំបិលដែលមានគុណភាពល្អ»។
លោកបានបន្ថែមថា ចំណែកប្រទេស ជិតខាងដូចជាប្រទេសវៀតណាមគឺយើងមិនអាចនាំចូលមកកម្ពុជាបានទេ ដោយសារប្រទេស វៀតណាមខ្វះខាតអំបិលដូចកម្ពុជាដែរ។
លោកបានអះអាងថា «យើងកំពុងតែទៅសិក្សាអំបិលនៅប្រទេសចិន និងឥណ្ឌា ឬប្រទេស ណាដែលមានគុណភាពល្អដើម្បីធ្វើការនាំចូលមកបំពេញតម្រូវការក្នុង ប្រទេសកម្ពុជា»។
ចំពោះតម្លៃនៃការនាំចូលអំបិលជាធម្មតាគឺមានតម្លៃខ្ពស់ជាងតម្លៃអំបិលក្នុងស្រុកហើយ ពីព្រោះ គេគិតពីការដឹកជញ្ជូន កម្លាំងពលកម្ម ពីកម្មករលើកដាក់ គិតពីពន្ធផ្សេងៗ គឺគិតតម្លៃលក់កើនជាងតម្លៃអំបិលផលិតក្នុងប្រទេសកម្ពុជា។
ការនាំចូលអំបិលគឺធ្វើទៅ តាមការខ្វះអំបិលក្នុង ប្រទេសកម្ពុជាតែប៉ុណ្ណោះគឺមិនឱ្យលើស និងមិនឱ្យខ្វះគឺតម្រូវការ គ្រប់គ្រាន់សម្រាប់ក្នុង ប្រទេសកម្ពុជា ហើយខណៈ ដែលអំបិលប្រទេសកម្ពុជាផលិតអំបិល បានគ្រប់គ្រាន់ ហើយ គឺយើងមិនមានការនាំចូលទេ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨នេះ ដោយសារអាកាសធាតុក្នុងឆ្នាំ នេះមានភ្លៀងធ្លាក់ខ្លាំង ក្នុងរដូវប្រាំងធ្វើឱ្យផ្ទៃដីស្រែ អំបិលជាង ៤.៥០០ហិកតា នៅខេត្តកំពត និងខេត្តកែប ផលិតអំបិលអត់បានទាល់តែសោះ។
សម្រាប់អំបិលដែលលក់លើទីផ្សារបច្ចុប្បន្ន នេះជាអំបិលលេខ១ ដោយក្នុងមួយបាវទម្ងន់ ៥០គីឡូក្រាម មានតម្លៃ ១៧៦០០រៀល អំបិលលេខ២ មួយបាវទម្ងន់៥០គីឡូក្រាម តម្លៃ១៥០០០រៀល និងអំបិលលេខ៣ ក្នុងមួយបាវទម្ងន់ ៥០គីឡូក្រាម តម្លៃ ៤៦០០រៀល៕
មតិយោបល់