ព័ត៌មានបច្ចេកវិទ្យា

រៀនប្រើផែនទី Maps.me មិនចាំបាច់មានអ៊ិនធើណែត (មានវីដេអូ)

កម្មវិធី MAPS.MEមានរហ័សនាមថា Offline Mobile Maps ប្រែថា “ផែនទីមិនចាំបាច់ប្រើអ៊ិនធើណែត” កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ដោយសារតែវាអាចធ្វើការបានច្រើនយ៉ាងដូចជា៖ ស្វែងរកទីតាំងដែលអ្នកកំពុងតែស្ថិតនៅ (Locate) ស្វែងរកទីតាំងដែលអ្នកបម្រុងនឹងទៅ (Route to) បង្ហាញផ្លូវ និងទីតាំងសំខាន់ៗយ៉ាងជាក់លាក់។ ជាពិសេសជាងនេះទៅទៀត កម្មវិធី MAPS.ME អាចប្រើប្រាស់បានគ្រប់ទីកន្លែងនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផងនោះដែរ ថែមទាំងមិនចាំបាច់មានបណ្តាញអ៊ិនធើណិត ឬ Wi-Fi អ្វីទាំងអស់។

សព្វថ្ងៃនេះការវង្វេងផ្លូវ អាចជារឿងឈឺក្បាលសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តទៅកាន់ទីរួមខេត្ត ឬក្រុងណាមួយដែលមិនស្គាល់ភូមិសាស្រ្តច្បាស់លាស់។ យ៉ាងណាមិញ ប្រសិនបើយើងមានកម្មវិធី MAPS.ME នៅក្នុងដៃ ប្រាកដជាលែងខ្វល់អំពីបញ្ហាវង្វេងផ្លូវហើយ។ លើសពីនេះ ទោះបីជាអ្នកទៅដល់ តំបន់ដាច់ស្រយាលដែលគ្មានបណ្តាញអ៊ិនធើណែតទៅដល់ក៏ដោយ កម្មវិធីMAPS.MEនៅតែអាចបង្ហាញផ្លូវលោកអ្នក ឲ្យចេញផុតពីតំបន់ដ៏គួរឲ្យខ្លាចទាំងនោះបានទាំងអស់។

សូមប្រិយមិត្តទាំងអស់ងាកមករៀនប្រើប្រាស់នូវកម្មវិធី MAPS.ME ក្នុងពេលឥឡូវនេះ ដើម្បីជាប្រយោជន៍ដល់អ្នក ក៏ដូចជាក្រុមគ្រួសាររបស់អ្នក ឲ្យជៀសផុតពីការវង្វេងផ្លូវ អំឡុងពេលធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋានឆ្ងាយៗនានា។

ចុចដោនឡូដឥតគិតថ្លៃទីនេះiOS| Android

លក្ខខណ្ឌអនុវត្ត

  • តម្រូវឲ្យអ្នកប្រើប្រាស់បើកមុខងារ Location Service
  • តម្រូវឲ្យទាញយកទិន្នន័យផែនទី Cambodia ទុកសម្រាប់ប្រើប្រាស់ដោយមិនចាំបាច់មានអ៊ិនធើណែត ហើយធ្វើតែម្តងប៉ុណ្ណោះ!

របៀបស្កេនទីតាំងដែលអ្នកកំពុងស្ថិតនៅ
១ – ជាដំបូងសូមបើកកម្មវិធី MAPS.ME
២ – ចុចលើប៊ូតុង Locate ដែលមានរូបតាង ផ្ទាំងស៊ីប
៣ – កម្មវិធីនឹងចាប់ផ្តើមស្កេនរកទីតាំងដែលអ្នកកំពុងតែស្ថិតនៅ

របៀបស្វែងរកទីតាំងដែលអ្នកចង់ទៅ និងបង្ហាញជាតម្រាយផ្លូវ

១ – ចុចលើប៊ូតុង Search ដែលមានរូបតាង កែវឆ្លុះ
២ – វាយឈ្មោះទីតាំងណាមួយ ដើម្បីឲ្យកម្មវិធីចាប់ផ្តើមស្វែងរក
៣ – ចុចលើប៊ូតុង Route to ដើម្បីធ្វើរង្វាស់ពីទីតាំងដែលអ្នកនៅ ភ្ជាប់ទៅកាន់ទីតាំងដែលអ្នកកំពុងតែស្វែងរក
៤ – ចុចលើប៊ូតុង Start បន្ទាប់មកចុចពាក្យថា Accept នោះផែនទីនឹងចាប់ផ្តើមបង្ហាញផ្លូវទៅកាន់ទីតាំងនោះ ដោយបានដៅពណ៌ខៀវពីលើផ្លូវដែលអ្នកត្រូវធ្វើដំណើរទៅតាម។

សូមទស្សនាវីដេអូឃ្លីបខាងក្រោម:

មតិយោបល់