ស្ពានបណ្តែតទឹក ត្រូវបានរកឃើញថា មានប្រើតាំងពីសម័យបុរាណមកម្ល៉េះ ហើយវាសង់ពីដើមឬស្សី អាចទ្រទម្ងន់បានប្រមាណ ២០ ទៅ ៣០តោន។ នេះបើយោងតាមការឲ្យដឹងពី អាជ្ញាធរជាតិអប្សរា ចេញផ្សាយកាលពីម្សិលមិញនេះ។
តាមចម្លាក់បុរាណ បានបង្ហាញថា ស្ពាននោះសង់ពីដើមឬស្សី ចងភ្ជាប់គ្នាជាបាច់ៗ ហើយមានក្រាលក្តារ ឬបន្ទះឬស្សីពីលើ ដែលអាចធ្វើចរាចរពីលើបានងាយស្រួល។
ស្ពានបណ្តែតទឹក ដែលកំពុងសង់នៅតំបន់អង្គរ ពុំមែនមានជាលើកដំបូងនោះទេ គឺមានតាំងពីសម័យបុរាណមកម្ល៉េះ គ្រាន់តែសម្ភារៈយកមកសាងសង់ខុសគ្នាតាមទេសកាល និងប្រើបច្ចេកទេសមិនទំនើបដូចបច្ចុប្បន្នតែប៉ុណ្ណោះ។
ការសាងសង់ស្ពានបណ្តែតទឹកក្នុងតំបន់បេតិកភណ្ឌពិភពលោក គឺមានការឆ្លងយោបល់ និងជជែកគ្នាយ៉ាងយូរពី អ្នកបច្ចេកទេសជាតិ និងអន្តរជាតិ ហើយដោយបុព្វហេតុត សម័យអង្គរធ្លាប់សង់ស្ពានបណ្តែតទឹកនេះ ទើបគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានគាំទ្រឲ្យមានការសង់ស្ពានបណ្តែតទឹកនេះឡើង។
គួររម្លឹកថា ស្ពានបណ្តែតទឹក ឆ្លងទៅប្រាសាទអង្គរវត្ត ដែលនឹងដាក់ឲ្យប្រើជំនួសស្ពានហាល មានសមត្ថភាពអាចទ្រមនុស្សបានជាង ៦ពាន់នាក់ក្នុងពេលតែមួយ គ្រោងនឹងដាក់ដំណើរការនាខែ ឧសភាខាងមុខនេះហើយ។
អាជ្ញាធរជាតិអប្សរា មានកិច្ចសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន នឹងធ្វើការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី ២ ដែលតម្រូវឲ្យបិទចរាចរណ៍ទាំងស្រុង។
ដូច្នេះភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ អាចឆ្លងកាត់ទៅទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែតទឹក ដែលស្ថិតនៅខាងត្បូងស្ពានហាលជំនួសវិញ ដើម្បីបញ្ជៀសនូវហានិភ័យ ដោយសារជួសជុល៕
មតិយោបល់