ព័ត៌មានសេដ្ឋកិច្ច

អាមេរិក ចាប់អារម្មណ៍វិនិយោគ នៅខេត្តព្រះសីហនុដ៏មានសក្តានុពល

កាលពីម្សិលមិញនេះ តំណាងស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា លោក David​ Ryan Sequeira មន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច​ប្រចាំស្ថានទូត​សហរដ្ឋអាមេរិក បានចូលជួប​សម្ដែង​ការគួរសម និងពិភាក្សាការងារ​ជាមួយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ។

លោក David Ryan Sequeira មានប្រសាសន៍ថា ជំនួបពិភាក្សានាពេលនេះ មានគោលបំណងឈ្វេង​យល់ពី​សក្តានុពល​សេដ្ឋកិច្ច និងការវិនិយោគ​នៅខេត្តព្រះសីហនុ ដើម្បីយកទៅផ្សព្វផ្សាយ​ឱ្យបានជាក់​លាក់​ដល់អ្នកវិនិយោគ​សហរដ្ឋអាមេរិក ដែលមានបំណងមក​ធ្វើការវិនិយោគ​នៅខេត្តព្រះសីហនុនា​​ពេលខាងមុខ។

ដោយមើល​ឃើញថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីក​ចម្រើនលឿន និងមានអំណោយ​ផលល្អ ក្នុងការ​ដឹក​ជញ្ជូន​តាមផ្លូវទឹក​​កំពង់ផែ​​សមុទ្រទឹកជ្រៅ និងមានព្រលាន​​យន្តហោះ​អន្តរជាតិ តភ្ជាប់ទៅកាន់​ប្រទេស​​នៅ​លើស​កលលោក។

ឯកឧត្តម យន្ត មីន បានស្វាគមន៍ចំពោះអ្នកវិនិយោគិននៅខេត្តព្រះសីហនុ ក្នុងនោះមានក្រុមហ៊ុនអាមេរិក​ចំនួន ៤ បានមកធ្វើការ​វិនិយោគ​​នៅ​ខេត្ត​ព្រះសីហនុ។

ខេត្តព្រះសីហនុ មានកោះរ៉ុង និងប្រជុំកោះ​ជាច្រើន​ទៀត និង​មានផ្កាថ្មស្អាត ​អាស្រ័យដោយ​ខេត្តមានធនធាន​ធម្មជាតិ ក្លាយជាគោលដៅ​វិនិយោគ និងទេសចរយ៉ាង​សំខាន់ មានកំពង់ផែទឹកជ្រៅ ​ដែលមានកុងតឺន័រឆ្លង​កាត់ប្រមាណ ៧២ភាគរយ ខេត្តព្រះសីហនុមាន​សន្តិសុខ​ ​សុវត្ថិភាពល្អ សម្រាប់អ្នកវិនិយោគ និងទេសចរ ។

ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកខេត្តព្រះសីហនុ ជាតំបន់ប៉ូលសេដ្ឋកិច្ច​ពហុបំណងធំ​ជាងគេក្នុង​ប្រទេសកម្ពុជា ក្នុងនោះមានវិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំង​​ស្នើឱ្យ​សហរដ្ឋអាមេរិក​នាំអ្នកវិនិយោគ​មក​កាន់​​ខេត្តព្រះសីហនុ លើសេវាកម្មទេសចរណ៍ និង​ឧស្សាហកម្ម ខណៈខេត្តព្រះសីហនុកំពុង​ខ្វះខាតនូវសណ្ឋាគារ​ ផ្ទះសំណាក់នៅ​ពេលមានពិធី​បុណ្យជាតិ អន្តរជាតិ ហើយកម្ពុជាមាន​ការអនុគ្រោះសម្រាប់​អ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ ៕

មតិយោបល់