ព័ត៌មានសេដ្ឋកិច្ច

ស្ពានបណ្តែតទឹកឆ្លងទៅអង្គរវត្ត អាចទ្រមនុស្សបានជាង ៦ពាន់នាក់ ក្នុងពេលតែមួយ

ស្ពានបណ្តែតទឹក ឆ្លងទៅប្រាសាទអង្គរវត្ត ដែលនឹងដាក់ឲ្យប្រើជំនួសស្ពានហាល មានសមត្ថភាពអាចទ្រមនុស្សបានជាង ៦ពាន់នាក់ក្នុងពេលតែមួយ គ្រោងនឹងដាក់ដំណើរការនាខែ ឧសភាខាងមុខនេះហើយ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអាជ្ញាធរជាតិអប្សរា។

ស្ពានហាលឆ្លងទៅប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍ទាំងស្រុង ជំនួសដោយស្ពានបណ្តែតទឹក ដែលមានប្រវែង មានទទឹង ១០ម៉ែត្រ និងបណ្តោយ ១៩៧ម៉ែត្រ។

ពោងបណ្តែតទឹក ប្រើប្រាស់ដើម្បីសាងសង់ស្ពាននេះ គឺយកមកពីប្រទេសកាណាដា ដែលមានការធានាគុណភាព និងសុវត្ថិភាពត្រឹមត្រូវ រយៈពេល ៥ឆ្នាំ។

អាជ្ញាធរជាតិអប្សរា មានកិច្ចសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន នឹងធ្វើការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី ២ ដែលតម្រូវឲ្យបិទចរាចរណ៍ទាំងស្រុង។

ដូច្នេះភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ អាចឆ្លងកាត់ទៅទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែតទឹក ដែលស្ថិតនៅខាងត្បូងស្ពានហាលជំនួសវិញ ដើម្បីបញ្ជៀសនូវហានិភ័យ ដោយសារជួសជុល។

គួរបញ្ជាក់ដែរ គម្រោងបិទចរាចរណ៍ស្ពានហាល គឺដើម្បីអនុវត្តន៍គម្រោងជួសជុលប្រាសាទអង្គរវត្តឡើងវិញ ដែលដំណាក់កាលទី ១ ធ្លាប់បានធ្វើឡើងកាលពីឆ្នាំ ១៩៩៦ ដល់ ឆ្នាំ ២០០៧ ហើយដំណាក់ទី ២ នេះ អាចនឹងចាប់ផ្តើមនៅឆ្នាំក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០២០៕

មតិយោបល់