គម្រោងសាងសង់គេហដ្ឋានតម្លៃចាប់ពី ២០,០០០ដុល្លារអាមេរិកឡើង របស់ក្រុមហ៊ុនឌិនសត្យាខនស្ត្រាក់សិន បើកដំណើរការសាងសង់ គម្រោងទី ១ របស់ខ្លួន ដែលមានទីតាំងនៅភូមិត្រពាំងរបង ឃុំជ្រៃលាស់ ស្រុកពញាឭ ខេត្តកណ្តាល។ នេះបើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនឌិនសត្យាខនស្ត្រាក់សិន។
លោក ឌិន សត្យា អគ្គនាយករបស់ក្រុមហ៊ុនឌិនសត្យាខនស្ត្រាក់សិន បានមានប្រសាសន៍បន្ថែមថា «ដើម្បីឆ្លើយតបនឹងសំណូមពរពីសំណាក់អតិថិជន ដែលមានកម្រិតជីវភាពទាប ក្រុមហ៊ុនយើងខិតខំប្រឹងប្រែងស្វែងរកដៃគូវិនិយោគទាំងដី និងផ្ទះ ដើម្បីបំពេញនូវគោលបំណងក្តីស្រមៃ របស់បងប្អូនពូមីងមន្ត្រីរាជការ កម្មករ សិស្សនិសិត្ស ជាពិសេសអ្នកទើបនឹងមានគ្រួសារថ្មីៗទាំងអស់ផងដែរ»។
លោក ឌិន សត្យា បានឲ្យដឹងទៀតថា ក្រុមហ៊ុននឹងមិនតម្រូវឲ្យអតិថិជនបង់ការប្រាក់ដំបូងរយៈពេល ២ឆ្នាំ នឹងអាចធ្វើការបង់រំលស់រហូតដល់ ១៥ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឌិនសត្យាខនស្ត្រាក់សិន គឺជាក្រុមហ៊ុនផ្តល់សេវាសាងសង់ផ្ទះបង់រំលស់ដំបូងគេនៅកម្ពុជា ដែលបច្ចុប្បន្នមានសាខាចំនួន ២ មានទីតាំងនៅ ភ្នំពេញ និងបាត់ដំបង៕



មតិយោបល់