ព័ត៌មានជាតិ

លើកអង់តែនទូរទស្សន៍ ប៉ះបង្គោលភ្លើងឆក់ស្លាប់និងរបួស៣ នាក់

កំពតៈ យ៉ាងហោចណាស់បុរសម្នាក់ ក្នុងចំណោមបុរសបីនាក់ បានស្លាប់ភ្លាមៗ ក្រោយពេលរងគ្រោះ ដោយករណីឆក់ខ្សែភ្លើង។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង២ និង១៥នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

លោកអនុសេនីយ៍ឯក ជឹម វ៉ាន់ធឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំប៉ី បានឲ្យដឹងថា ជនរងគ្រោះ ដែលបានស្លាប់មានឈ្មោះ ណឹម ជល់ ភេទប្រុស អាយុ៧៥ ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ។ ទី២ឈ្មោះ កែវ សម្បត្តិ ភេទប្រុស អាយុ៥៣ ឆ្នាំ បានរងរបួសធ្ងន់។ និងទី៣ឈ្មោះ ញិល ប៊ុនថា ភេទប្រុស អាយុ២៨ឆ្នាំ រងបួសធ្ងន់។ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានអ្នកភូមិជួយសង្គ្រោះ ដោយខ្លះយកកប់ខ្សាច់ នឹងធ្វើចលនាបេះដូង តែសភាពធ្ងន់ពេក ក៏បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពថានៅមុនពេលកើតហេតុ ពួកគាត់ទាំងបីនាក់ បាននាំគ្នាលើកបង្គោលអង់តែនទូរទស្សន៍ ដើម្បីដាក់ទូរទស្សន៍មើល ខណៈពេលកំពុងលើកឡើង មិនបានប្រយ័ត្នក៏ស្រាប់តែប៉ះ នឹងបង្គោលខ្សែរភ្លើង ខ្សែរកាប្លិ៍ធំតែម្តង បណ្តាលឲ្យឆ្លងចរន្តឆក់ទាំងបីនាក់ ដោយឡែកជនរងគ្រោះដែលបានស្លាប់ ជាអ្នកកាន់អង់តែនខ្លាំងជាងគេផុតលេខ ដូច្នេះទើបរងគ្រោះរហូតដល់ស្លាប់បែបនេះ៕

មតិយោបល់