ព័ត៌មានជាតិ

អធិការខណ្ឌពោធិ៍សែនជ័យ ៖ អាណិតចោរគ្មានលុយទិញទឹកដោះគោឲ្យកូន​ ដោះលែងឲ្យមានសេរីភាព

ភ្នំពេញៈ ប៉ូលិសប៉ុស្ដិ៍ចោមចៅ បានសម្ដែងនូវការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបានឃើញជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចោរលួចយ៉ាងសកម្ម ហើយលើកចុងក្រោយបានលួចយកទូរសព្ទដៃ១គ្រឿងពីបុរសម្នាក់ និងត្រូវបានកម្លាំងប៉ូលិសប៉ុស្ដិ៍ខាងលើ សហការណ៍​ជាមួយម្ចាស់ចាប់ខ្លួនបាន និងកសាងសំណុំរឿងបញ្ជូនខ្លួនជននោះ ទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ ចំណែកម៉ូតូរបស់គេ ត្រូវ បានរក្សាទុកនៅប៉ុស្ដិ៍ជាបណ្ដោះអាសន្នសិន ប៉ុន្តែគិតរហូតមកទល់នឹងពេលនេះ ទើបតែបានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ស្រាប់តែលេចមុខជននោះ ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ សុំយកម៉ូតូរបស់ខ្លួនទៅវិញ។

អ្វីដែលធ្វើឲ្យនគរបាលភ្ញាក់ផ្អើល និងហួសចិត្តនោះ គឺព្រោះតែពួកគាត់ខំបង្ក្រាប ហើយបញ្ជូនទៅតាមឋានានុក្រម បែរជាត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌដោះលែងងាយៗបែបនេះទៅវិញ។ តើមានកម្លាំងចិត្តឯណាបង្ក្រាបទៀត ជាពិសេសធ្វើម៉េចឲ្យប្រជាពលរដ្ឋមានទំនុកចិត្តទៅកើត ហើយក៏បានសំណូមពរសុំឲ្យ លោកស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេសលោកនាយឧត្តសេនីយ៍អគ្គស្នងការនគរបាលជាតិ ជួយពិនិត្យមើលពីបញ្ហាមួយនេះផងដែរ។ មិនតែប៉ុណ្ណោះនៅពេលនគរបាលសួរនាំថា “ហេតុអ្វីបានជាឯង ចេញមកវិញស្រួលៗម្លេះ? ជននោះបានឆ្លើយថា ឲ្យតែលុយគេ (ប៉ូលិស)បួនដប់ម៉ឺនរៀលទៅបានចេញហើយ” ប៉ុន្តែទន្ទឹមនិងនេះដែរ ក៏មានប្រភពមិនច្បាស់ការមួយនិយាយថា ជននោះបង់លុយឲ្យប៉ូលិស៥រយដុល្លារ។

ប៉ូលិសប៉ុស្ដិ៍បាននិយាយថា ជនដែលជាមុខសញ្ញាត្រូវចាប់ខ្លួនបានហើយដោះលែងវិញនោះឈ្មោះ អេង លី អាយុ២២ឆ្នាំ ស្នាក់នៅម្តុំខាងក្រោយផ្សារស៊ិនជូរីផ្លាហ្សារ ស្ថិតនៅក្នុងភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯទូរសព្ទដែលលួចបានម៉ាក សាំស៊ុង តម្លៃ​៥០ដុល្លារ ជាកម្មសិទ្ធិរបស់បុរស ម្នាក់ឈ្មោះ ស៊ែ រិនចាន់ ជាជនជាតិចិន ម្ចាស់ហាងគ្រឿងក្រអូបមួយកន្លែង ស្ថិតនៅក្នុងបុរីញូថោនភូមិព្រៃទា សង្កាត់ចោមចៅ។

ប្រភពដដែលបានបន្តទៀតថា កាលពីថ្ងៃទី៩ មករា ជនសង្ស័យខាងលើនោះ បានចូលទៅទិញ​គ្រឿង​ក្រអូប​នៅក្នុងហាងខាងលើ បន្ទាប់​មកបានបន្លំលួចយកទូរសព្ទដៃរបស់​ម្ចាស់ហាង​រួចក៏បានជិះម៉ូតូ១គ្រឿង ម៉ាក Giono មិនមានស្លាក លេខគេចខ្លួនបាន ចំណែកម្ចាស់ហាង បន្ទាប់ពីបាត់ទូរសព្ទក៏បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពហើយ បាន​ឃើញពីភិនភាគជនសង្ស័យ ក៏បានប្ដឹងឲ្យនគរបាលជួយអន្តរាគមន៍។ រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៧ ទើបកម្លាំងប៉ូលិសប៉ុស្ដិ៍ចោមចៅ តាមចាប់ខ្លួនបាននៅតាមផ្លូវបេតុងក្នុងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយម៉ូតូម៉ាក Giono ដែលជាម៉ូតូជិះទៅធ្វើសកម្មភាពនោះតែម្តង។ ក្រោយមកប៉ូលិសប៉ុស្ដិ៍ចោមចៅ បានកសាងសំណុំរឿងបញ្ជូនទៅ កាន់ផ្នែកប៉ូលិសណ្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តហើយគិតរហូតមកដល់ពេលនេះ មានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ជននោះត្រូវបានដោះលែងមកវិញ។

ជុំវិញករណីខាងលើលោក យឹម សារ៉ាន់ អធិការន​គរបាលខណ្ឌពោធិ៍សែនជ័យបានបំភ្លឺថា លោក​មិនបានយកប្រាក់ពីជននោះទេ ផ្ទុយទៅវិញលោកបានបរិច្ចាគប្រាក់បន្តិចបន្តួចឲ្យ​ទៅជននោះទៀតផង ចំពោះការដោះលែងបុរសខាងលើ គឺលោកមានការអាណិតចំពោះជននេះ ដែលមានប្រពន្ធកូនខ្ចីដែលគ្មានលុយទិញទឹកដោះគោឲ្យ​កូន ហើយប្រពន្ធបានមកយំអង្វរ ហើយដោយស្រាវជ្រាវឃើញថា ជននេះមិនមែនជាចោរសកម្មអីនោះទេ នៅថ្ងៃយកទូរសព្ទគេនោះ ដោយសារឃើញទូរសព្ទទុកចោលទើបជននេះ ដាច់ចិត្តយកបានម្ត​ង ដោយឃើញថា គ្រួសានេះក្រីក្រដូច្នេះទើបលោកសម្រេចចិត្តដោះលែងតែជននេះឲ្យ​មានសេរីភាពវិញ។

ជុំវិញ​រឿងប៉ូលិសប៉ុស្តិ៍ចោមចៅសម្តែងការភ្ញាក់ផ្អើលភ្នាក់ងារ Post news មិនបានសួរលម្អិតនោះទេ៕

https://youtu.be/VkAUlPuAryQ

មតិយោបល់