ព័ត៌មានសេដ្ឋកិច្ច

Air Asia នឹងមានវត្តមានផ្លូវការ នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលលើវិស័យអាកាសចរណ៍

ក្រុមហ៊ុន Air Asia នឹងបើកការិយាល័យជាផ្លូវការនៅកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ​ ដើម្បីបណ្តុះបណ្តាលដល់ធនធានមនុស្សកម្ពុជា លើវិស័យសេវាដឹកជញ្ជូន និងវិស័យអាកាសចរណ៍។ នេះបើយោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេច បានអញ្ជើញជួបពិភាក្សាជាមួយលោក Anthony.F Fernandes ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia ប្រទេសម៉ាឡេស៊ី នឹងបានស្នើវត្តមានរបស់ក្រុមហ៊ុនជាផ្លូវការ នៅកម្ពុជា ដើម្បីជម្រុញការនំាមកនូវទេសចរណ៍ពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្រៅតំបន់ ហោះហើរត្រង់មកកម្ពុជា។

ជាការឆ្លើយតប លោក Anthony.F Fernandes នឹងបើកការិយាល័យនៅកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយសង្ឃឹមថា វត្តមាន Air Asia នៅកម្ពុជា នឹងនាំមកនូវភ្ញៀវទេសចរណ៍ កាន់តែច្រើនមកកម្ពុជា។

គួររម្លឹកដែរថា ក្រុមហ៊ុន Air Asia ពីមុន មានយន្តហោះតែ ២គ្រឿងប៉ុណ្ណោះ តែបច្ចុប្បន្នមានរហូតដល់ ២០០គ្រឿង និងកំពុងបញ្ជាទិញបន្ថែមទៀត សម្រាប់សេវាដឹកជញ្ជូនអ្នកដំណើរនេះ៕

មតិយោបល់