ព័ត៌មានជាតិ

យុវជនម្នាក់ស្រវឹងបើកម៉ូតូ ត្រូវរថយន្តបើកបុក របួសធ្ងន់

កណ្តាលៈ យុវជនម្នាក់ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍អះអាងថា បើកបរក្នុងស្ថានភាពស្រវឹង ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកពីក្រោយរួចបើករត់គេចខ្លួន បណ្តាលឲ្យរបួសធ្ងន់នៅនិងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២១ ទល់មុខហាងលក់បបរស ថាវី ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ូច បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ។ រីឯម្ចាស់រថយន្តមិនស្គាល់អត្ថសញ្ញណនោះទេ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបានបើករថយន្តគេចខ្លួនបាត់តែម្តង។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1Z-6470 បើកបរដោយយុវជនម្នាក់ ក្នុងស្ថានភាពស្រវឹង មានទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង បានបុកចំម៉ូតូពីក្រោយម៉ូតូជនរងគ្រោះ បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់នៅនឹងកន្លែងកើតហេតុ។

ភ្លាមៗនោះត្រូវបានរថយន្តរបស់នគរបាលចរាចរណ៍អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យជយ័ជំនះ។ ចំណែកឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់