ព័ត៌មានសេដ្ឋកិច្ច

គម្រោងស្ពានឆ្លងប្រទេសដំបូងបង្អស់រវាងកម្ពុជា-ឡាវ ព្រមព្រៀងគ្នារួចរាល់ហើយ

គម្រោងស្ពានឆ្លងប្រទេសកម្ពុជា-ឡាវ ត្រូវបានព្រមព្រៀងគ្នារួចរាល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ និងកំណត់យកទៅទីតាំងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រុមការងារនៃប្រទេសទាំងពីរ នឹងចុះទៅពិនិត្យទីតាំង សម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេល្ពៅ ដែលអាចនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេល្ពៅនេះ គឺស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំដែន ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។

នៅពេលស្ពានឆ្លងប្រទេសនេះ សាងសង់រួចរាល់ជាស្ថាពរ វានឹងជួយសម្រួលដល់ការធ្វើដំណើររវាងប្រជាជនប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់មធ្យោបាយដឹកជញ្ជូនផងដែរ។

យោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជា នឹងបើកឲ្យឡាវប្រើប្រាស់ផ្លូវគមនាគមន៍ និងកំពង់ផែកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញនាំចេញ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ការបើកឲ្យប្រើច្រកទ្វារត្រួតពិនិត្យព្រំដែនរវាង ត្រពាំងក្រៀល-ស្ទឹងត្រែង និង ណងណុកខៀន-ចម្ប៉ាសាក់ គឺបង្ហាញពីការរីកចម្រើនថ្មីមួយ ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែន ទេសចរ និងការតភ្ជាប់រវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ដែរថា កម្ពុជា ក៏បានគាំទ្រប្រទេសឡាវ ក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុង ហើយឡាវក៏បានសន្យាលក់ថាមពលអគ្គិសនីតម្លៃថោកសមរម្យ​ មកឲ្យកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តមួយចំនួននៅតាមព្រំដែន៕

មតិយោបល់