ក្រសួងសេដ្ឋកិច្ច នឹងខិតខំពន្លឿនកិច្ចសហការ ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍលំនៅឋាន សាធារណៈតម្លៃសមរម្យ ឲ្យបានឆាប់រហ័ស។ នេះបើយោងតាមគេហទំព័រទីភ្នាក់ងារព័ត៌មានកម្ពុជា។
លោក ម៉ី វ៉ាន់ អគ្គនាយកឧស្សាហកម្ម ហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថបានបញ្ជាក់ក្នុងពិធី ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់ រវាងសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រុមហ៊ុន Century 21 Cambodia ថា សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍលំនៅឋានសាធារណៈតម្លៃសមរម្យនេះ គឺជាគំរូប្លង់ស្តង់ដារសម្រាប់ចង្អុលបង្ហាញដល់អ្នកវិនិយោគ ឯកជនឲ្យចាប់អារម្មណ៍ជួយវិនិយោគលើវិស័យនេះ។
លោក បានបន្តថា ការចូលរួមវិនិយោគនេះធ្វើឡើងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យថ្លៃដើមលើការផលិត កាន់តែទាប អាចលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ។
លោកបញ្ជាក់ទៀតថា គម្រោងនេះផ្អែកទៅលើទីតាំង និង ទំហំ ដែលប្រជាពលរដ្ឋអាចរស់នៅបាន ហើយមានលក្ខណៈផ្សាភ្ជាប់ទៅនឹងហេដ្ឋរចនាសម្ព័ន្ធនៅកណ្តាលទីក្រុង ដែលធានានូវនិរន្តរភាព លំនៅឋានសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រុមហ៊ុន World Bridge Land អភិវឌ្ឍលំនៅឋានតម្លៃសមរម្យ សម្រាប់មន្ត្រី រាជការនៅលើផ្ទៃដី២៤ហិកតា ដែលមានចំនួន២,២៩៧ ល្វែង ដែលនឹងត្រូវបានបញ្ចប់នៅឆ្នាំ ២០១៨ខាងមុខនេះ៕
មតិយោបល់