មហាសេដ្ឋី Jack MA បានយល់ព្រមជួយ រាជរដ្ឋាភិបាលថៃ ក្នុងការជម្រុញ និងពង្រីកសក្តានុពលសហគ្រាសធុនតូច-មធ្យម ឲ្យកាន់តែខ្លាំងក្លាក្នុងវិស័យពាណិជ្ជកម្មអនឡាញ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនទីផ្សារអនឡាញ Alibaba របស់លោក Jack MA បានចុះកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលថៃ ក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកធនធានមនុស្ស និងប្រព័ន្ធដឹកនាំ ព្រមទាំងទាក់ទាញវិនិយោគិនចិន ឲ្យមកវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ដែលនឹងក្លាយជាតំបន់ឧស្សាហកម្មឈានមុខគេផ្នែកបច្ចេកវិទ្យា។
គោលបំណងចម្បងដែលថៃ ចង់បានពីលោក Jack MA គឺចង់ឲ្យជួយអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ឲ្យក្លាយជាមជ្ឈមណ្ឌលឌីជីថល និងទិន្នន័យប្រចាំតំបន់អាស៊ីអាគ្នេយ៍តែម្តង។
លើសពីនេះទៅទៀត រដ្ឋាភិបាលថៃ នឹងបើកបង្រៀនវគ្គបណ្តុះបណ្តាលផ្នែកពាណិជ្ជកម្មអនឡាញ ដែលអាចជួយឲ្យសហគ្រាសធនតូច-មធ្យម និងកសិករ អាចលក់ផលិតផលរបស់ពួកគេទៅកាន់អ្នកទិញដោយផ្ទាល់។
គួរជម្រាបដែរថា លោក Jack MA ក៏ត្រេកអរដែលថៃ មានទំនុកចិត្តលើរូបលោក និងលោកក៏បានត្រៀមខ្លួនរួចរាល់ក្នុងការចែករំលែកនូវចំនេះដឹង និងបទពិសោធន៍ ដែលអាចជួយអាជីវកម្មតាំងពីកម្រិតទាបបំផុតឡើងទៅ៕
មតិយោបល់