ព័ត៌មានសេដ្ឋកិច្ច

ម៉ាឡេស៊ី គ្រោងចំណាយ ៥០លានដុល្លារ បង្កើតកសិដ្ឋានសំឡេះគោ នៅខេត្តព្រះសីហនុ

ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី គ្រោងនឹងបោះទុន ៥០លានដុល្លារអាមេរិក លើវិស័យសត្តឃាត ដោយសហការជាមួយក្រុមហ៊ុនអូស្រ្តាលី SLN Meat Supply នៅខេត្តព្រះសីហនុ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។

លោក អូស្មាន ហាស្សាន់ អនុប្រធានក្រុមការងារបច្ចេកទេសហាឡាលកម្ពុជា បានគាំទ្រដល់គម្រោងវិនិយោគរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី ក្នុងការបង្កើតកសិដ្ឋានសំឡេះគោអូស្រ្តាលីធំជាងគេនៅអាស៊ី និងលំដាប់ធំទី ២ នៅលើសកលលោក។

ការសម្រេចចិត្តបោះទុនវិនិយោគលើវិស័យសត្តឃាតនេះ ក៏ដោយសារការមើលឃើញពី សក្តានុពលសេដ្ឋកិច្ចរីកចម្រើនរបស់កម្ពុជា ក៏ដូចជាវិសាលភាពរបស់ក្រុមហ៊ុនស្តង់ដារអន្តរជាតិ។ នេះបើយោងតាមការលើកឡើងរបស់លោក Datuk Seri Rizuan Abdul Hamid ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី។

ជាជំហានចាប់ផ្តើម រោងចក្រនឹងផ្តល់ចង្វាក់ផលិតកម្ម ក្នុងកម្រិត ៤០ ទៅ ៥០ក្បាលក្នុងមួយម៉ោង ហើយប្រមាណ ១០០ក្បាលក្នុង ១ថ្ងៃ ដែលគោនីមួយៗមានទម្ងន់ពី ៥០០ ទៅ ៦០០គីឡូក្រាម ខណៈទីផ្សារផ្គត់ផ្គង់ធំជាងគេរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្នគឺ ប្រទេសហ្វីលីពីន និងចិន។

គួរបញ្ជាក់ថា ក្រុមហ៊ុន SLN Meat Supply ជាក្រុមហ៊ុនសំឡេះសាច់ និងវេចខ្ចប់ផលិតផល សម្រាប់ផ្គត់ផ្គង់សាច់គោអូស្ត្រាលី នៅក្នុងប្រទេសកម្ពុជា និងនាំទៅក្រៅប្រទេស៕

មតិយោបល់