ក្រុមហ៊ុន ខេង ឡាយ ខូអិលធីឌី របស់កម្ពុជា បានសហការជាមួយ ក្រុមហ៊ុន Daily Green របស់ថៃ និងក្រុមហ៊ុន A.T.C. Supply របស់អ៊ីស្រាអែល ពង្រីកការដាំដុះដំណាំល្មើនៅកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក ខេង ចន្ថា អគ្គនាយកក្រុមហ៊ុន ខេង ឡាយ បានលើកឡើងថា ក្រុមហ៊ុន នឹងធ្វើការចាប់ដៃផ្ទាល់ជាមួយប្រជាកសិករខ្មែរ ដែលមានបំណងដាំដុះ ហើយក្រុមហ៊ុនមានពូជកូនល្មើ ដែលមានស្តង់ដារខ្ពស់ ស្របតាមទីផ្សារអន្តរជាតិ ផ្តល់បច្ចេកទេសក្នុងការដាំដុះ ថែទាំ និងប្រមូលផល ព្រមទាំងការប្រឹក្សាផ្សេងៗថែមទៀតផង។
លោកបន្តថា ល្មើ ជាដំណាំកសិកម្មមួយប្រភេទ ដែលមានភាពងាយស្រួលក្នុងការដាំដុះ មិនសូវត្រូវការទឹក ជី មិនពិបាកក្នុងការថែទាំ ត្រូវនឹងប្រភេទដី និងអាកាសធាតុនៅកម្ពុជា ជាពិសេសនោះគឺ អាចទទួលផលកើនឡើងជាលំដាប់ និង រយៈពេលយូររហូតដល់ជាង ១០០ឆ្នាំ។
រីឯក្រុមហ៊ុន Daily Green របស់ថៃ នឹងនាំយកកូនពូជដំណាំល្មើ និងបញ្ជូនអ្នកជំនាញបច្ចេកទេសកសិកម្មថៃ រៀបចំសិក្ខាសាលាទាក់ទងទៅនឹងការដាំដុះ និងការប្រមូលផលល្មើ សម្រាប់អតិថិជន ដែលបានដាំដុះជាមួយក្រុមហ៊ុន ខេង ឡាយ។
ចំពោះក្រុមហ៊ុន A.T.C. Supply របស់អ៊ីស្រាអែល ជាក្រុមហ៊ុនរៀបចំប្រព័ន្ធទឹកតាមបច្ចេកវិទ្យាទំនើប និងធំមួយនៅប្រទេសអ៊ីស្រាអែល ក្នុងការស្រោចស្រពទៅលើដំណាំគ្រប់ប្រភេទ ឲ្យទទួលផលល្អប្រសើរ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានស្នើឲ្យក្រុមហ៊ុនពិនិត្យពិចារណា ផ្តល់ទាំងផ្នែកបច្ចេកទេសដាំដុះ ការថែទាំ ការប្រមូលផល ការកែច្នៃផលិតផលផ្លែល្មើ ប្រកបដោយគុណភាព និងអនាម័យ ដល់ក្រុមហ៊ុនដំណាំល្មើ និងប្រជាកសិករខ្មែរ៕


មតិយោបល់