Moo Moo Farm ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដំបូងបង្អស់នៅកម្ពុជា គ្រោងនឹងនាំចូលគោបន្ថែមចំនួន ៣០០ក្បាល ក្នុងឆ្នាំ ២០១៧ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញ ពីលោក Williams Matthews ប្រធានក្រុមហ៊ុន Moo Moo Co.,LTD។
លោកបានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែសាកល្បងលើការចិញ្ចឹមគោយកទឹកដោះចំនួន ២៥ក្បាល ដើម្បីផ្សាំគោទាំងនោះទៅនឹងអាកាសធាតុនៅប្រទេសកម្ពុជា ហើយជាលទ្ធផល គោទាំងនោះមានសុខភាពល្អ និងអាចទប់ទល់នឹងអាកាសធាតុបាន។
មូមូ ហ្វាម ផ្តោតសំខាន់លើការផ្គត់ផ្គង់ទឹកដោះគោស្រស់ ដែលជាផលិតផលខ្មែរ ហើយមានភាពស្រស់ នឹងធម្មជាតិ មិនថែមស្ករ ឬម្សៅនោះឡើយ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសាទរចំពោះការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានេះ ហើយបានស្នើឲ្យក្រុមហ៊ុនផ្តល់អាទិភាពដល់ និស្សិតដែលបញ្ចប់ការសិក្សាពីមុខវិជ្ជាជំនាញបសុសត្វ ក្នុងការបម្រើការងារនៅក្នុងកសិដ្ឋាននេះ ដើម្បីលើកស្ទួយធនធានមនុស្សនៅកម្ពុជា នឹងអាចឈានទៅពង្រីកការចិញ្ចឹមគោយកទឹកដោះនៅតាមតំបន់ផ្សេងៗទៀត។
គួរបញ្ជាក់ដែរថា Moo Moo Farm បានបើកដំណើរការជាង ១ឆ្នាំ ហើយគោដែលចិញ្ចឹមយកទឹកដោះនោះ ជាគោយកទឹកដោះប្រភេទកូនកាត់ ដែលនាំមកពីប៉ែកអឺរ៉ុបដូចជា អាមេរិក និងអូស្ត្រាលីជាដើម៕



មតិយោបល់