ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ដល់ក្រសួងចំនួន ១០ នៅក្នុងឆ្នាំ ២០១៨នេះ ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពក្នុងការ គ្រប់គ្រងលើវិស័យហិរញ្ញវត្ថុ តាមក្រសួងស្ថាប័នសាធារណៈ។
ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមាន ប្រសាសន៍ថា ប្រព័ន្ធ FMIS ជាប្រព័ន្ធទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្ដល់សិទ្ធិក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាមបែបវិមជ្ឈការ ដល់ក្រសួង-ស្ថាប័ន និង អង្គភាព ថវិកានានា ក្នុងការកត់ត្រា គ្រប់គ្រង បែងចែក អនុវត្តន៍ថវិកា និងកៀរគរប្រមូលចំណូល គឺនឹងត្រូវធ្វើឡើងក្នុងប្រព័ន្ធសមាហរណកម្មតែមួយគត់ ដោយក្រសួង-ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា។
នេះគឺជាចំណុចចាប់ផ្ដើមនៃយុគសម័យថ្មីមួយទៀតនៃ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា និងជាចំណុចបន្តទៅមុខយ៉ាងសកម្មនៃ ការពង្រឹងអភិបាលកិច្ចល្អ និងការផ្ដល់សេវាសាធារណៈកាន់តែប្រសើរថែមទៀតនៅកម្ពុជា។
ប្រព័ន្ធ FMIS បានដើរតួនាទីជាកាតាលីករសកម្ម ក្នុងការនាំយកមកនូវប្រសិទ្ធភាព, គណនេយ្យភាព, តម្លាភាព ក្នុងការងារគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
ក្រៅពីការដាក់ឱ្យអនុវត្ដន៍ប្រព័ន្ធនេះ នៅក្រសួងចំនួន១០ ក្រសួងសេដ្ឋកិច្ច ក៏បន្តពង្រីកការប្រើប្រាស់ ប្រព័ន្ធ FMIS ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់រាជធានី-ខេត្តទូទាំងប្រទេស និងក្រសួង-ស្ថាប័ន ចំនួន១០ផ្សេងទៀត ដែលនឹងចាប់ផ្ដើមប្រើប្រាស់ ប្រព័ន្ធ FMIS សាកល្បងក្នុងឆ្នាំ ២០១៨ ផងដែរ។
ក្នុងឆ្នាំ ២០១៨ នេះ មានក្រសួងចំនួន ១០ ដែលចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ រួមមាន៖
១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២. ក្រសួងអប់រំ យុវជន និងកីឡា
៣. ក្រសួងសុខាភិបាល
៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៦. ក្រសួងបរិស្ថាន
៧. ក្រសួងមុខងារសាធារណៈ
៨.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
៩. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
១០. ក្រសួងកិច្ចការនារី ។
សមាសភាពក្រសួង-ស្ថាប័នចំនួន ១០ ផ្សេងទៀត ដែលនឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បងក្នុងឆ្នាំ ២០១៨ រួមមាន ៖
១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
២. ក្រសួងសាធារណការ និងដឹកជញ្ជូន
៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៤.ក្រសួងពាណិជ្ជកម្ម
៥. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
៦. ក្រសួងធនធានទឹក និងឧតុនិយម
៧. ក្រសួងអភិវឌ្ឍន៍ជនបទ
៨. ក្រសួងព័ត៌មាន
៩. ក្រសួងទេសចរណ៍
១០. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕
មតិយោបល់