ព័ត៌មានសេដ្ឋកិច្ច

អ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធប៉ាតង់ប្រចាំឆ្នាំ ២០១៧ ត្រឹមដំណាច់ខែមីនា

អ្នកជាប់ពន្ធទាំងអស់ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប៉ាតង់ ក្នុងអំឡុងពេល ចាប់ពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ រួមទាំងអ្នកជាប់ពន្ធ ដែលមានទាន់បានធ្វើបច្ចុប្បន្នភាព និងអ្នកជាប់ពន្ធដែលបានធ្វើបច្ចុប្បន្នភាពរួចរាល់ហើយ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប៉ាតង់ ទៅតាមប្រាក់ពន្ធប៉ាតង់ ដែលបានកំណត់។

អ្នកជាប់ពន្ធ ត្រូវដាក់តាំងបង្ហាញប័ណ្ណប៉ាតង់ ដែលមានសុពលភាព នៅទីតាំងប្រកបអាជីវកម្មរបស់ខ្លួន ហើយវាមានតម្លៃចំពោះអ្នកជាប់ពន្ធ ដែលមានឈ្មោះក្នុងប័ណ្ណប៉ាតង់តែប៉ុណ្ណោះ។

ដូច្នេះអ្នកជាប់ពន្ធ ត្រូវបង់ប្រាក់ពន្ធឲ្យបានត្រឹមត្រូវទៅតាមពេលវេលា ដែលច្បាប់បានកំណត់ ហើយបើមានការករណីយឺតយ៉ាវមិនបានបង់ពន្ធឲ្យទាន់ពេលវេលា​ ឬព្យាយាមបន្លំផលរបរ ដើម្បីគេចវេះពីការបង់ប្រាក់ពន្ធប៉ាតង់ ឬមានការក្លែងបន្លំប័ណ្ណប៉ាតង់ នឹងត្រូវទទួលទោស ដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិស្តីពីពន្ធដារ៕

មតិយោបល់