ព័ត៌មានសេដ្ឋកិច្ច

ក្រុងព្រះសីហនុ ត្រៀមបិទចរាចរណ៍ផ្លូវថ្មើរជើង២ខ្សែ ធ្វើជាតំបន់ Pub Street ថ្មី

ក្រុងព្រះសីហនុ ត្រៀមនឹងបិទចរាចរណ៍លើផ្លូវថ្មើរជើង២ខ្សែ ធ្វើជាតំបន់ Pub Street ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការលើកឡើងកាលពីពេលថ្មីៗនេះរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ផ្លូវ២ខ្សែប្រវែង១៨០០ម៉ែត្រ ចាប់ពីតោ២ ទៅមុខផ្ទះសម្តេចតេជោ និងផ្លូវ ៥០២ នឹងត្រូវបិទចរាចរណ៍ ធ្វើជាផ្លូវថ្មើរជើង ឲ្យភ្ញៀវទេសចរណ៍អាចដើរកម្សាន្តបាន ដែលរំពឹងទទួលភ្ញៀវទេសចរយ៉ាងហោចណាស់ ៥០០នាក់ក្នុងមួយយប់។

ការបង្កើតផ្លូវថ្មើរជើងនេះ គឺដើម្បីត្រៀមសម្រាប់បុណ្យសមុទ្រ ដែលជាកាតាលីករជម្រុញ ទីក្រុងទេសចរណ៍ព្រះសីហនុ ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ស្របតាមពាក្យស្លោក ទីក្រុងបៃតងស្អាត ឆ្នេរស្អាត ទឹកសមុទ្រខៀវស្រងាត់។

លោក ថោង ខុន បញ្ជាក់ថាសេវាទេសចរណ៍ត្រូវមានគុណភាពល្អ មានសោភ័ណភាព និងកំណត់អត្តសញ្ញាណតាមខេត្ត តាមតំបន់នីមួយៗ ហើយតំបន់ Pub Streetថ្មី ក្នុងក្រុងព្រះសីហនុនេះ អាចមានទីតាំងនៅចម្ងាយប្រមាណ ៥០ម៉ែត្រពីឆ្នេរអូរឈើទាល និងអភិវឌ្ឍន៍លើផ្ទៃដីទំហំប្រហែល ២ហិកតា។

គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅនេះ អភិបាលក្រុងព្រះសីហនុ ក៏បានជួបប្រជុំជាមួយអភិបាលក្រុងសៀមរាប ដើម្បីស្វែងយល់ពីការគ្រប់គ្រង ការពារសុវត្ថិភាព សណ្តាប់ធ្នាប់ នៅតំបន់ Pub Street និងផ្សាររាត្រីក្នុងក្រុងសៀមរាប ដែលធ្លាប់អនុវត្តបានជោគជ័យ៕

13275411_1294279737252225_1594756787_o 14715095_1864253353786080_4259334971509917790_o

មតិយោបល់