ព័ត៌មានសេដ្ឋកិច្ច

តម្លៃប្រេងធ្លាក់ចុះ ជម្រុញទំហំពាណិជ្ជកម្មកម្ពុជា-ថៃ នៅថេរ ត្រឹម ៥.៦ពាន់លានដុល្លារ

ក្នុងឆ្នាំ ២០១៦កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ គឺស្ថិតនៅថេរត្រឹម ៥.៦ពាន់លានដុល្លារអាមេរិក ពោលគឺថយចុះ ០.០៤ភាគរយ ធៀបនឹងឆ្នាំ​ ២០១៥។ នេះបើយោងតាមរបាយការណ៍ផ្លូវការពីស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានទូតថៃ។

របាយការណ៍ដដែលបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ថយចុះពី ៥,៥៩៧លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៥ មកត្រឹម ៥,៥៩៥លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦ ពោលគឺត្រឹមតែ ០.០៤ភាគរយប៉ុណ្ណោះ។

មន្រ្តីពាណិជ្ជកម្មប្រចាំស្ថានទូតថៃ បានបញ្ជាក់ថា ជាក់ស្តែង បរិមាណនៃការនាំចេញនាំចូល មិនបានធ្លាក់ចុះនោះទេ ប៉ុន្តែដោយសារនៅឆ្នាំ ២០១៦ តម្លៃប្រេងឥន្ធនៈ បានធ្លាក់ចុះ ជាហេតុធ្វើឲ្យទំហំទឹកប្រាក់ បានធ្លាក់ចុះផងដែរ តែបរិមាណនៃការនាំចូលមិនធ្លាក់ចុះនោះឡើយ។

គួររម្លឹកដែរថា កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការបើកច្រកព្រំដែនថ្មីចំនួន ៤ ដើម្បីបង្កភាពងាយស្រួលដល់ការចេញចូលរបស់ប្រជាជន និងជម្រុញលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែកើនឡើង៕

មតិយោបល់