ព័ត៌មានជាតិ

BMW បួងចង្កូតទៅបុកចិញ្ចើមផ្លូវនិងស្លាកសញ្ញាចរាចរណ៍ រួចបុកពីក្រោយកង់ បុរសម្នាក់ហក់ចេញទាំងព្រលឹងចុងសក់

ភ្នំពេញ: បុរសម្នាក់ដែលកំពុងជិះកង់ ត្រឡប់ទៅផ្ទះ បានលោតចេញពីកង់ ទាំងភ័យបះសក់ ខណ:ដែលរថយន្ត BMW បួងចង្កូតបត់ស្ដាំមិនផុត ក៏ជ្រុលចង្កូតទៅបុកចិញ្ចើមផ្លូវ វត្តភ្នំ រួចបន្តទៅបុកស្លាកសញ្ញាចរាចរណ៍ និងបន្តទៅបុកពីក្រោយកង់មួយគ្រឿងទៀតដែលកំពុងជិះនៅខាងមុខ ធ្វើឲ្យបុរសអ្នកជិះកង់ ហក់ចេញទាំងបះសក់ បង្កការភ្ញាក់ផ្អើលពេញផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទាបភ្លឺ ថ្ងៃ៤ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសម្តីបុរសដែលជួបហេតុការណ៍ផ្ទាល់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះកង់ត្រឡប់ទៅផ្ទះវិញ តាមបណ្តោយផ្លូវរង្វង់មូលវត្តភ្នំ ខណ:ពេលមកដល់ចំណុចកើតហេតុ សាលាពិព័ណ៌រាជធានីភ្នំពេញ ក៏ឃើញរថយន្តមួយគ្រឿងម៉ាក BMW ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AK-3370 បើកបរដោយបុរសជនជាតិបរទេសម្នាក់ ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុត្រង់រង្វង់មូល ម្ចាស់រថយន្តក៏បានបួងចង្កូតបត់ស្តាំតែមិនផុត ក៏រេចង្កូតជ្រុលទៅបុក ខឿនថ្មរង្វង់មូលវត្តភ្នំតែម្តង ដោយរថយន្តមិនទាន់អស់ល្បឿន ក៏ហួសទៅបុក ស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យបាក់មួយដើម ហើយបន្តទៅបុកបុរសម្នាក់
ដែលកំពុងតែជិះកង់ត្រលប់ទៅផ្ទះនោះ បណ្តាលឲ្យបុរសរងគ្រោះខាងលើ ភ័យលោតពីលើកង់ភ្លាមៗតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ។

ក្រោយពីកើតហេតុរួចហើយនោះ ជនជាតិបរទេសខាងលើដែលជាអ្នកបើកបររថយន្តបង្ក បានចេញថ្លៃសំណងភ្លាមៗ ទៅឲ្យបុរសរងគ្រោះដែលជាអ្នកជិះកង់ខាងលើ ចំនួន១២០ដុល្លារដើម្បីបញ្ចប់រឿងមួយតង់។ ចំណែករថយន្តបង្ក ត្រូវបាន សមត្ថកិច្ចធ្វើការវាស់វែង យករថយន្តរួមទាំងម្ចាស់ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់