ព័ត៌មានសេដ្ឋកិច្ច

ចុងភៅកម្ពុជា ឈ្នះមេដាយមាស ៤គ្រឿង ពីការប្រកួតធ្វើម្ហូបលំដាប់ពិភពលោក

សមាគមចុងភៅកម្ពុជា ទទួលបានជ័យលាភីមេដាយមាស ៤គ្រឿង និងមេដាយប្រាក់ ១គ្រឿង ពីការប្រកួតធ្វើម្ហូបលំដាប់ពិភពលោក និងការប្រកួតធ្វើម្ហូបតាមដងទន្លេមេគង្គ ដែលបានប្រព្រឹត្តទៅ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។

លោក ឡុង ប៊ុនហោ ប្រធានប្រតិភូដឹកនាំសមាជិកចុងភៅកម្ពុជា ទៅចូលរួមការប្រកួតនេះ​ បានឲ្យដឹងថា ការប្រកួតធ្វើម្ហូបលំដាប់ពិភពលោក និងការប្រកួតធ្វើម្ហូបតាមដងទន្លេមេគង្គ មានរយៈពេល ៤ថ្ងៃ មាន ៣វិញ្ញាសា រួមមានការប្រកួតជាក្រុម និងជាបុគ្គល ដែលទទួលបានមេដាយមាស ៤គ្រឿង និងមេដាយប្រាក់ ១គ្រឿង។

ការទទួលបានចំណាត់ថ្នាក់ល្អនេះ នឹងធ្វើឲ្យពិភពលោកទទួលស្គាល់ និងមានទំនុកចិត្តលើគុណភាពម្ហូបអាហារខ្មែរ ជាពិសេសអាចទាក់ទាញភ្ញៀវទេសចរ ហើយសមាគមចុងភៅកម្ពុជា នឹងទៅប្រកួតនៅលើឆាកអន្តរជាតិឲ្យបានច្រើនបន្ថែមទៀត។

ចាប់តាំងពី សមាគមចុងភៅកម្ពុជា បានរៀបចំបង្កើតឡើងក្នុងឆ្នាំ ២០១២មក គឺមានសមាជិកជាង ១០០នាក់ និងបានចូលរួមការប្រកួតនៅប្រទេស ១៤លើក រួមមាន ប្រទេសថៃ សិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសចិន។

គួររម្លឹកដែរថា សមាគមចុងភៅកម្ពុជា​ ធ្វើនំអន្សមយក្ស នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជាប់នៅក្នុងកំណត់ត្រាពិភពលោក ដែលជួយលើកស្ទួយកិត្តិយសរបស់ប្រទេសកម្ពុជាឲ្យល្បីល្បាញផងដែរ៕

 

មតិយោបល់