ព័ត៌មានសេដ្ឋកិច្ច

គួរជ្រើសរើសភ្នាក់ងារអចលនទ្រព្យបែបណា ឲ្យបានត្រឹមត្រូវ?

នៅពេលដែលលោកអ្នកចង់លក់អចលនទ្រព្យ ក្នុងតម្លៃថ្លៃទៅតាមបំណងប្រាថ្នារបស់លោកអ្នក ទាំងដែលលោកអ្នកពុំទាន់មានបទពិសោធន៍អំពីអចលនទ្រព្យ ឬពុំមានពេលគ្រប់គ្រាន់សម្រាប់សិក្សាស្រាវជ្រាវ ពីអចលនទ្រព្យ ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យគឺជាវិធីមួយដ៏ប្រសើរ ដើម្បីជាជំនួយដល់លោកអ្នក។ ដូច្នេះការជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានត្រឹមត្រូវ នឹងអាចជួយដល់លោកអ្នកបានច្រើន ខាងក្រោមនេះ ជាចំនុចមួយចំនួនដែលអ្នកគួរពិចារណាលើភ្នាក់ងារអចលនទ្រព្យ មុននឹងធ្វើការជ្រើសរើស៖

១.​ មើលទៅលើកេរ្តិ៍ឈ្មោះ

ក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ នឹងកាន់តែជួយផ្តល់ទំនុកចិត្តដល់អ្នកមួយកម្រិតទៀត ព្រោះភាពល្បីល្បាញ វាបង្ហាញអំពី សមត្ថភាព និងសមិទ្ធផលដែលក្រុមហ៊ុន ឬភ្នាក់ងារបានកសាង។

២. មានអាជ្ញាប័ណ្ណ

ភាពស្របច្បាប់របស់ក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យជា ចំនុចដែលមិនអាចខ្វះបាន ព្រោះវាបង្ហាញអំពីការទទួលស្គាល់ ឬបានអនុញ្ញាតពីក្រសួង​ ឬស្ថាប័នរដ្ឋបានត្រឹមត្រូវ ដោយមានលិខិតបញ្ជាក់យ៉ាងច្បាស់លាស់ និងត្រឹមត្រូវ។

៣. រយៈពេលនៃការចាប់ផ្តើមអាជីវកម្ម

ការដំណើរការនៃក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យបានយូរ គឺបង្ហាញអំពីបទពិសោធន៍ដែលក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យបានឆ្លងកាត់។ លោក Robert Irwin អ្នកនិពន្ធសៀវភៅ “Tips & Traps When Buying a Home” បាននិយាយថា “ប្រសិនបើពួកគេបើកដំណើរការអាជីវកម្មរបស់ពួកគេ មិនដល់ ៥ឆ្នាំ នោះពួកគេកំពុងតែយកអ្នកដើម្បីសិក្សា”។

៤. យល់ដឹងអំពីទីផ្សារច្បាស់

ភ្នាក់ងារអចលនទ្រព្យដែលត្រឹមត្រូវ ពួកគេគួរដឹងអំពីអចលនទ្រព្យនៅតំបន់ផ្សេងៗ។ លោក Irwin បាននិយាយថា លោកអ្នកអាចសាកសួរអំពីអចលនទ្រព្យនៅតំបន់ផ្សេងទៀត ឬអចលនទ្រព្យនៅតំបន់នោះដែលលោកអ្នកស្គាល់ទៅកាន់ពួកគេ។ ប្រសិនបើពួកគេអាចឆ្លើយបានយ៉ាងលម្អិតនោះ មានន័យថាពួកគេស្គាល់អំពីតំបន់របស់លោកអ្នកច្បាស់។ លោក Irwin បានបន្ថែមទៀតថា “អ្នកត្រូវការមនុស្សបែបនេះ មនុស្សដែលយល់ដឹងច្បាស់អំពីទីផ្សារ”៕

មតិយោបល់