ព័ត៌មានសេដ្ឋកិច្ច

កម្មវិធីហៅតាក់ស៊ី Uber នឹងចាប់ផ្តើមដំណើរការ នៅកម្ពុជា ក្នុងពេលឆាប់ៗ

កម្មវិធីហៅតាក់ស៊ី Uber មានដើមកំណើតនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរការសាកល្បង នៅកម្ពុជាហើយ ដែលនេះជាការបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅក្នុង ទីផ្សារថ្មី នៅប្រទេសកម្ពុជា ខណៈត្រូវការសិក្សាស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច កត្តាជីវភាពប្រជាជន និងបញ្ហាប្រឈមជាមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

Uber បានសម្តែងចំណាប់អារម្មណ៍ខ្លាំង ក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកបើកបរ ជាមួយអ្នកដំណើរការកម្មវិធីនេះ។

ក្រុមហ៊ុន Uber មានឯកទេសខាងបណ្តាញដឹកជញ្ជូនអនឡាញ ដូចជា កម្មវិធីហៅតាក់ស៊ី ដែលជាបច្ចេកវិទ្យាថ្មី អនុញ្ញាតិឲ្យអតិថិជន ប្រើប្រាស់ស្មាតហ្វូន បញ្ជូនព័ត៌មាននៃការធ្វើដំណើរ ទៅកាន់ភ្នាក់ងារបើកបរ Uber ដែលស្ថិតនៅជិតពួកគេ ដើម្បីដឹកយកពួកគេទៅកាន់គោលដៅ។

ក្រុមហ៊ុន Uber បានចូលមកកាន់ទីផ្សារប្រទេសថៃ ដោយបង្កើតកម្មវិធី UberMoto ដែលអនុញ្ញាតិឲ្យ​ លោកអ្នកអាចហៅម៉ូតូឌុប តាមទូរស័ព្ទបាន។

Uber ក៏ធ្លាប់បានហក់ចូលទីផ្សារតាក់ស៊ី នៅប្រទេសចិន តែមិនជោគជ័យនោះទេ ទើបសម្រេចរំលាយបញ្ចូលគ្នាជាមួយកម្មវិធីហៅតាក់ស៊ី Didi Chuxing របស់ចិន។

គួរបញ្ជាក់ដែរថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Uber កំពុងធ្វើប្រតិបត្តិការ នៅក្នុងទីក្រុងចំនួន ៥៤៥ នៃប្រទេសចំនួន ៦៦ ជុំវិញពិភពលោក៕

មតិយោបល់