ព័ត៌មានសេដ្ឋកិច្ច

កូនខ្មែរ បោះទុនវិនិយោគ ១០០% បង្កើតក្រុមហ៊ុនអាកាសចរណ៍ JC Airline នៅកម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ JC International Airline ជាក្រុមហ៊ុនដែលបោះទុនវិនិយោគ ១០០ភាគរយ ដោយស្ថាបនិកជាជនជាតិខ្មែរសុទ្ធសាធ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោកស្រី Dong Yan Huang នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន JC Airline បានឲ្យដឹងថា គោលបំណងធំ នៃការបង្កើតក្រុមហ៊ុននេះឡើងគឺ ចង់កែប្រែប្រវត្តិសាស្រ្តទីផ្សារកម្ពុជា ឲ្យក្លាយខ្លួនជា ក្រុមហ៊ុនអាកាសចរណ៍ដំបូង ក្រោមស្ថាបនិកពីជនជាតិខ្មែរ ដែលមានភាគហ៊ុន ១០០ភាគរយ។

លើសពីនេះទៅទៀត ក៏ដោយសារការជឿជាក់យ៉ាងមុតមាំ ទៅលើបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអាកាសចរណ៍ និងទីផ្សារវិស័យអាកាសចរណ៍កម្ពុជា កាន់តែរីកចម្រើនទៅមុខមិនឈប់ឈរផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងបើកដំណើរការជើងហោះហើររបស់ខ្លួន រវាងភ្នំពេញ-សៀមរាប-ព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានសិទ្ធិធ្វើប្រតិបត្តិការហោះហើរពី ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងស្រុក។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុននេះ នឹងប្រើប្រាស់យន្តហោះប្រភេទ Airbus 320 ចំនួន ២គ្រឿង នឹងបន្ថែមប្រមាណ ៣ ទៅ ៤គ្រឿងទៀត នៅក្នុងឆ្នាំ ២០២០៕

មតិយោបល់