រុស្ស៊ី: រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់រុស្ស៊ីលោក Alexei Ulyukayev ត្រូវបានគេដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន RIA Novosti បាននិយាយនៅថ្ងៃពុធនេះថា ទណ្ឌកម្មម្ហូបអាហារប្រឆាំងនឹងប្រទេសតួកគី អាចនឹងត្រូវបានលើកលែង នៅត្រឹមចុងឆ្នាំ២០១៦នេះ។ នេះបើយោងតាមការចញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១០ សីហា ឆ្នាំ២០១៦។
លោក Ulyukayev បានថ្លែងថា «យើងបានព្រមព្រៀងគ្នាថា នេះគឺជាដំណើរបន្តិចម្តងៗ ដោយបានកត់សម្គាល់ថា បញ្ហាដែលនៅសេសសល់នៅលើផលិតផលសាច់មាន់និងទឹកដោះគោ នឹងត្រូវបានដោះស្រាយដោយទ្វេភាគី»។
លោកបានបន្ថែមថា យើងត្រូវការវេលាបន្តិចទៀត ដើម្បីធ្វើឱ្យប្រាកដថា គុណភាពសម្រាប់ការផ្គត់ផ្គង់នៃផលិតផលតួកគី គឺតម្រូវការតាមរយៈ Rosselkhoznadzor ជាទីភ្នាក់ងារអង្គការឃ្លាំមើលកសិកម្មរបស់ប្រទេសរុស្ស៊ី។
សូមបញ្ជាក់ថា ប្រទេសរុស្ស៊ី បានដាក់វិធានការមួយចំនួនយ៉ាងតឹងរ៉ឹង រួមបញ្ចូលទាំងទណ្ឌកម្មចំណីអាហារទៅលើប្រទេសតួកគី ក្នុងការឆ្លើយតបទៅនឹងការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ដោយយន្តហោះចម្បាំងប្រទេសតួកគី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងប្រទេសស៊ីរី៕

មតិយោបល់